(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកលទ្ធផលចាប់ឆ្នោតស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ឆ្នាំ២០១៩ គឺជាពូលដ៏ល្អមួយ ព្រោះមានត្រឹម ៥ក្រុមតិចជាងពូល B ដែលមាន ៦ក្រុម។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទ ក្រោយកម្ពុជាចាញ់អ៊ីរ៉ាក់ ៤-០ យប់មិញ។

លោកនិយាយថា «ចំពោះស៊ីហ្គេម និយាយដោយស្មោះត្រង់ទៅ យើងស្ថិតក្នុងពូលមួយដ៏ល្អ។ ខ្ញុំនិយាយនេះ មិនសម្ដៅលើក្រុមចូលរួមទេ គឺក្នុងន័យថា ពូលរបស់យើងមានក្រុមតិចជាងពូលមួយទៀត»។ កាលពីក្នុងព្រឹត្តិការណ៍ U23 យើងធ្វើបានយ៉ាងល្អ ប៉ុន្តែដូចដែលខ្ញុំធ្លាប់បាននិយាយ សូមកុំយល់ច្រឡំថា យើងនឹងឈរនៅកន្លែងណា?»។ ការអះអាងបែបនេះ ព្រោះលោកដឹងថា គ្រប់ក្រុមសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នា សម្រាប់ត្រៀមប្រកួតស៊ីហ្គេម។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះបានបន្ដថា «គ្រប់ក្រុមទាំងអស់ សុទ្ធតែមានកីឡាករល្អ និងជាក្រុមខ្លាំង ដូចជាមីយ៉ាន់ម៉ា ម៉ាឡេស៊ី ទីម័រខាងលើ រួមទាំងម្ចាស់ផ្ទះហ្វីលីពីន គឺដូចគ្នា។ យើងទទួលបានលទ្ធផលល្អពីមុនមក ដោយសារយើងធ្វើបានល្អ តែយើងនឹងព្យាយាមធ្វើឲ្យបានល្អនៅស៊ីហ្គេម។ ប្រាកដណាស់យើងពិបាកលេងក្រៅដី ព្រោះកីឡាករយើងមិនសូវផ្សាំលេងក្រៅដីទេ។ មួយទៀត កីឡាករយើងនៅក្មេង។ តែយើងត្រៀមខ្លួនរួចរាល់ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម»

គួរដឹងថា លទ្ធផលចាប់ឆ្នោតបែងចែកពូលលើវិញ្ញាសាបាល់ទាត់ នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ បានធ្វើឡើងនៅទីក្រុងម៉ានីលកាលពីម្សិលមិញ ហើយក្រៅពី ៥ក្រុមខាងលើ ដែលស្ថិតនៅពូល A គឺមាន ៦ក្រុមស្ថិតក្នុងពូល B រួមមានថៃ វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ និងប្រ៊ុយណេ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕

Advertising