(ភ្នំពេញ)៖ អតីតសមាជិកបឹងកេត កីឡាករ អ៊ុំ កុម្ភៈ បាននិយាយថា នៅពេលកីឡាករសំខាន់ៗរបួស ធ្វើឲ្យក្រុមត្រូវជំនួសដោយកីឡាករផ្សេង ដែលនេះជាបញ្ហាចម្បងមួយ ដ្បិតភាពស៊ីចង្វាក់នៃការលេង ត្រូវធ្លាក់ចុះទៅតាមនោះដែរ។

ខ្សែការពារក្លឹបអង្គរថាយហ្គឺររូបនេះបានបញ្ជាក់ថា «ទាំងកីឡាករ ទាំងក្រុមគ្រូ គឺពួកយើងអត់សូវសប្បាយចិត្តទេ ចំពោះលទ្ធផលប៉ុន្មានប្រកួតចុងក្រោយនេះ ដោយសារយើងជួបបញ្ហារបួសច្រើន អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ដល់ការលេង ប៉ុន្តែខ្ញុំសង្ឃឹមថា ក្រោយសម្រាកជម្រើសជាតិនេះ ពួកយើងនឹងប្រឹងប្រែងយកជ័យជម្នះឲ្យបាន សម្រាប់ប្រកួតដែលនៅសល់»

យ៉ាងណាក៏ដោយ អ៊ុំ កុម្ភៈ បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមទាំងមូលនឹងព្យាយាមរកលទ្ធផលវិជ្ជមាន សម្រាប់ប្រកួតទាំង ៣នៅសល់ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ បើទោះត្រូវប្រឈមវិបត្តិកីឡាកររបួសច្រើននាក់ក្ដី។

សូមបញ្ជាក់ផងថា ៦ប្រកួតចុងក្រោយរបស់អង្គរថាយហ្គឺរ ពួកគេរកបានជ័យជម្នះត្រឹម ១ប្រកួតប៉ុណ្ណោះ ក្រៅពីនោះទទួលបានលទ្ធផលស្មើ ២ប្រកួត និងចាញ់ ៣ប្រកួត និងបានឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៤២ពិន្ទុ។ គូប្រកួត៣ចុងក្រោយរបស់ថាយហ្គឺរមាន ភ្នំពេញក្រោន គិរីវង់សុខសែនជ័យ និងអគ្គិសនីកម្ពុជា៕

Advertising