(ម៉ាឌ្រីដ)៖ ប្រមុខដឹកនាំ La Liga បានស្នើឲ្យមានការផ្លាស់ប្តូរទីលានប្រកួតក្នុងជំនួបធំរវាង FC Barcelona ទល់នឹង Real Madrid នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយផ្ទុះបាតុកម្មនៅទីក្រុងបាសេឡូណា នាពេលថ្មីៗនេះ ជុំវិញកាត់ទោសមេដឹកនាំដាក់ពន្ធធនាគារ ៩នាក់។

តាមកាលវិភាគ ក្រុមអ្នកមានបុណ្យ FC Barcelona នឹងបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួន ដើម្បីទទួលក្រុមភ្ញៀវ Real Madrid នៅថ្ងៃទី២៦ ខែតុលាខាងមុខដែលជាជំនួប El Clasico សម្រាប់ជើងទី១ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga រដូវកាលឆ្នាំ២០១៩-២០២០។

បំណងរបស់មេ La Liga គឺចង់ឲ្យមានការផ្លាស់ប្តូរទីលានមកលេងនៅកីឡដ្ឋាន Santiago Bernabeu ដែលជាទឹកដីរបស់ Real Madrid មុនពេលជើងទី២ នឹងធ្វើនៅ Camp Nou វិញ ក្រោយពេលបាតុកម្មស្ងប់ស្ងាត់ទៅវិញនាឆ្នាំ២០២០ ខាងមុខ។

ភ្លាមៗនោះដែរ ក្លឹប FC Barcelona ក៏បានធ្វើការបដិសេធចំពោះសំណើសុំផ្លាស់ប្តូរទីលាននេះដែរ ដោយលើកឡើងថា «ពុំមានករណីចាំបាច់ណាមួយត្រូវប្តូរទីលាននេះទេ» តែក៏ត្រូវរង់ចាំសេចក្តីសម្រេចចុងក្រោយពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ សិន៕

Advertising