(ភ្នំពេញ)៖ តារាស្រីរូបស្រស់សោភា កញ្ញា ម៉ូលីកា ដែលជាអតីតតារាចម្រៀងក្នុងផលិតកម្ម Rock បានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៥០០ដុល្លា ជួយដល់តារាសសម្ដែងជើងចាស់ អុឹម ផល្លា អាយុ៥៦ឆ្នាំ ជាមួយនឹងអង្ករ២បេ, ត្រីខ២កេស និងទឹកផ្លែឈើ២កេស បន្ទាប់ពីម្ចាស់ផ្ទះជួលបានចាក់សោរផ្ទះពីខាងក្រៅមិនឲ្យចូល។ សកម្មភាពមួយនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនកោតសរសើរ នឹងទឹកចិត្តដ៏ប្រពៃរបស់នាង បន្ទាប់ពីកន្លងមកនាង ក៏ត្រូវបានគ្រប់គ្នាស្ញើរសរសើរម្តងរួចហើយ លើករណីក្មេងបើកម៉ូតូទៅបុករថយន្ត Range Rover របស់នាង តែមិនទាមទារសំណងអ្វីមួយរៀលនោះ។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តារាសម្ដែងអ្នកស្រី អុឹម ផល្លា បានទៅទទួលថវិកាពី កញ្ញា ម៉ូលីកា នៅហាងរក្សារសម្រស់របស់នាងផ្ទាល់តែម្ដង​ ខណៈកញ្ញា ម៉ូលីកា បានថ្លែងសារថា «ក្នុងនាមខ្ញុំ ជាអតីតសិល្បករមួយរូប សូមជួយអ្នកមីង ៥០០ដុល្លារ ដើម្បីជួយសម្រួលភាពលំបាកបន្ដិចបន្ដួច ដោយក្ដីគោរព»

អ្នកស្រី អុឹម ផល្លា បានបង្ហាញអារម្មណ៍រំភើបរីករាយខ្លាំង រហូតរលីងរលោងទឹកភ្នែក ក្រោយទទួលជំនួយពី កញ្ញា ម៉ូលីកា ដែលទឹកប្រាក់នេះអាចសម្រួលដល់ការលំបាករបស់លោកស្រីបានមួយផ្នែក ជាពិសេសគឺយកទៅបង់ថ្លៃបន្ទប់ជួល និងបានរស់នៅជាបន្ដទៅទៀត។ តារាសម្ដែងរូបនេះ ក៏បានជូនពរ កញ្ញា ម៉ូលីកា មានសម្រស់កាន់តែស្រស់ស្អាត ហើយហាងរបស់នាងកាន់តែមានអតិថិជនគាំទ្រកាន់តែច្រើន។ ចំណែកកញ្ញា ម៉ូលីកា វិញ ក្រោយប្រគល់ថវិកាជូនអ្នកស្រី អុឹម ផល្លា ហើយបានថ្លែងបន្ថែមសារថា «ជូនបុណ្យទាំងអស់គ្នាផង ព្រោះគាត់ឲ្យពរច្រើនណាស់»

ការផ្ដល់ថវិកា​ជូនអ្ននកស្រី អុឹម ផល្លា នៅពេលនេះ ដោយសារតែ កញ្ញា ម៉ូលីកា មានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលឃើញអ្នកស្រីយំបង្ហូរទឹកភ្នែក ព្រោះតែបន្ទប់ជួលត្រូវបានម្ចាស់ផ្ទះចាក់សោជាប់មិនឲ្យចូល ព្រោះគាត់គ្មានលុយបង់បន្ទប់នោះ។ កញ្ញា ម៉ូលីកា ថា នេះជាទឹកចិត្តតិចតួច ដែលនាងអាចជួយសម្រាលការលំបាក ដល់អ្នកស្រី អុឹម ផល្លា ទៅតាមលទ្ធភាពដែលនាងមាន ហើយនាងនឹងបន្ដរសកម្មភាពសបប្បុរសធម៌នេះតទៅទៀត។

គួរបញ្ជាក់ថា នេះមិនមែនជាលើក១ឡើយ ដែលអតីតតារាចម្រៀង Rock កញ្ញា ម៉ូលីកា តែងបង្ហាញនូវទឹកចិត្តសប្បុរសធម៌ ចំពោះតារាមានជីវភាពលំបាក និងទ័លខ្លាំង ដូចជាមុននេះ ម៉ូលីកា ក៏បានផ្ដល់ថវិកា​ចំនួន ៥០០ដុល្លារ និងសម្ភារៈមួយចំនួនដល់អតីតបេក្ខភាព «X Factor Cambodia» លៀង ចាន់ឡា ផងដែរ ។ បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ ដែលបានបើកម៉ូតូដឹកលៀសហាល បុកខ្ទេចទ្វាររថយន្ដទំនើបរបស់នាង ម៉ាក Range Rover ហើយត្រូវចំណាយលុយជួសជុលខ្ទង់ ៧ពាន់ដុល្លារនោះ ក៏នាងមិនទាមទារសំណងពីក្មេងប្រុស និងក្រុមគ្រួសារគេដែរ ដោយគ្រាន់តែឲ្យក្មេងនោះសុំទោស និងទទួលកំហុសប៉ុណ្ណោះ៕

Advertising