(ក្រុងនីយ៉ុង)៖ សហព័ន្ធ UEFA បានសម្រេចផាកពិន័យក្លឹបអង់គ្លេសទាំងពីរ Manchester City និង Liverpool ដោយសារតែអ្នកគាំទ្របានរត់ និងគប់របស់របរចូលទីលាននៅអំឡុងប្រកួតពានអឺរ៉ុប Champions League កាលពីដើមខែតុលា ឆ្នាំ២០១៩។

ក្រុមជើងឯកអង់គ្លេស Man City ត្រូវបាន UEFA ពិន័យជាទឹកប្រាក់ប្រមាណ ១៣៦៤៤ផោន ដោយសារតែអ្នកគាំទ្របានគប់របស់របរចូលទីលាននៅអំឡុងប្រកួត ដែលក្រុមមេឃខៀវបានយកឈ្នះក្រុមភ្ញៀវមកពីក្រូអាត Dinamo Zagreb ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Etihad គ្រាដែល Zagreb ត្រូវពិន័យ ១៧៣២៦ផោន បន្ថែមលើការហាមមិនឲ្យលក់សំបុត្រដល់អ្នកគាំទ្ររបស់ពួកគេពេលប្រកួតក្រៅដី នៅប្រកួតបន្ទាប់ផងដែរសម្រាប់ក្លឹបរបស់ក្រូអាត។

ដូចគ្នានោះដែរ Liverpool ដែលបានយកឈ្នះក្រុមភ្ញៀវ Red Bull Salzburg ៤-៣ នៅកីឡដ្ឋាន Anfield ផងនោះ ក៏ត្រូវបាន UEFA ពិន័យជាទឹកប្រាក់ចំនួន ៨៦៦៣ផោនផងដែរ ដោយសារតែអ្នកគាំទ្ររត់ចូលទីលាន ពេលអំឡុងប្រកួតនារាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ខណៈ Salsburg ត្រូវបានពិន័យ ២៨១៥ផោន ដោយសារអ្នកគាំទ្រគប់របស់របរចូលទីលាន៕

Advertising