(ភ្នំពេញ)៖ លោក ភិរម្យ វិចិត្រដារ៉ា ដែលបានផ្តើម​ពីជីវិត​ជាអ្នករត់ម៉ូតូឌុបម្នាក់ បានកែប្រែវាសនារបស់ខ្លួន ស្ទើរមិននឹកស្មានដល់ គឺទទួលបានងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រខ្មែរ កាលពីពេលថ្មីៗនេះ​ បន្ទាប់ពីបាន​ចូល​រួម​​បរិច្ចាគ ​ធន​ធាន​ផ្ទាល់​ខ្លួន​ជា​ច្រើន ជួយ​ដល់​សង្គម​ជាតិ។ លោក ភិរម្យ វិចិត្រដារ៉ា បានលះបង់ កំលាំងកាយ ​កំលាំងចិត្ត ជំនះរាល់ឧបសគ្គ​ទាំង​ឡាយ ​​មាននៅចំពោះមុខ​រហូតមកដល់ពេលនេះ បានក្លាយ​ខ្លួនជាអគ្គនាយក​ក្រុមហ៊ុនវិនិយោគ​មួយ​ ដោយ​ផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគជ័យរហូតដល់សព្វថ្ងៃនេះ។ ​ថ្មីៗ​នេះ​លោក​ ទើប​​តែ​ត្រូវ​បាន​ព្រះ​មហា​ត្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​តែងតាំង​ជា «ឧកញ៉ា» ​​​​កាល​ពី​ថ្ងៃ​ទី១១ ខែ តុលា ឆ្នាំ ២០១៩ នេះ។

លោក ភិរម្យ វិចិត្រដារ៉ា បាននិយាយរំឭកទាំងអារម្មណ៍ក្ដុលក្ដួលថា​ ជីវិតរបស់លោកទម្រាំមាន​ថ្ងៃនេះ​(ក្លាយ​ខ្លួនជាអគ្គនាយក​ក្រុម​ហ៊ុន)​ ​លោ​ក​បាន​ជួបឧបសគ្គជា​ច្រើនទាំងភាពជោគជ័យ និងបរាជ័យ កក្តាទាំងនេះ​ហើយ​បានធ្វើ​ឲ្យ​លោក ចេះអភិវឌ្ឍន៍ខ្លួនតាមរយៈការមើលសៀវភៅ គួបផ្សំ និងបទពិសោធន៍ដែលខ្លួនមាន​ស្រាប់​ធ្វើ​ឲ្យការងារមុខរបរសព្វថ្ងៃ មានភាពរលូនទៅមុខជានិច្ច​។ អ្វីៗដែលកើតឡើង ហើយយើង​ទទួល​បាន​ជោគជ័យដល់ថ្ងៃនេះ គឺកើតចេញពីកំលាំងញើសឈាម ខិត​ខំតស៊ូគ្រប់បែប​យ៉ាងទម្រាំ​ឆ្លង​ផុត​ភាព លំបាកក្រខ្សត់នៃជីវិត​។ បើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេច​គោល​ដៅ​ និងបំណងរបស់ខ្លួនបានឡើយ យើងមិនអាចអង្គុយឈឺចាប់ នូវអ្វីៗ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ជីវិត​យើង​នោះទេ​។

​លោកប្រាប់បន្តថា ផ្ដើមចេញពីជីវិត​ជា​អ្នករត់ម៉ូតូឌុប ដឹកភ្ញៀវ​នៅ​ព្រលានយន្តហោះ ខេត្តសៀមរាប​បានមួយ​ឆ្នាំ នៅ​ក្នុងអំឡុង​ឆ្នាំ​២០០៥​ ក៏ត្រឡប់មកភ្នំពេញវិញ ប្រកបរបរជាជាងភ្លើង នៅ​កន្លែង​លក់​គ្រឿង​បរិក្ខា​ពេទ្យ​មួយ​កន្លែង​ នៅ​ក្នុង​រាជធានីភ្នំពេញ​។ ក្នុងរយៈពេលមួយឆ្នាំជីវិតជាអ្នករត់ម៉ូតូឌុប មិនអាច​ធ្វើឲ្យជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃល្អ​ប្រសើរបានឡើយ។ ម្យ៉ាងទៀត ជាអ្នកនៅទីក្រុងភ្នំពេញផង មិនអាចសម្រប​ខ្លួនទៅ​តាម​អ្វីៗ​ បានភ្លាមៗនោះឡើយ ហើយភាពស៊ីវិល័យនៅខេត្តសៀមរាប មិន​ទាន់​មាន​ការអភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

លោក វិចិត្រដារ៉ា បានបញ្ជាក់ថា ជាភ័ព្វសំណាងដោយសារការសេពគប់មនុស្សល្អៗ នៅក្នុងសង្គម បាន​ធ្វើឲ្យលោកមានឱកាសបើកមុខរបរជំនួញ មានលុយផ្ទាល់ខ្លួនតែ៤០០ដុល្លារអាមេរិក និងខ្ចី​គេ​បន្ថែម​បា​នមួយចំនួនទៀត ដើម្បីបើកអាជីវកម្មខ្លួនឯង ដោយមានទំនាក់ទំនងល្អជាមួយជនជាតិចិន ពេលនោះហើយបានធ្វើឲ្យលោកមានឱកាសទៅទិញគ្រឿងសម្ភារៈ បរិក្ខាពេទ្យធ្មេញពីប្រទេសចិន មក​លក់ឲ្យអតិថិជននៅរាជធានីភ្នំពេញ​។

​ចាប់ពេលនោះមក ធ្វើឲ្យមុខជំនួញរបស់លោក មានដំណើរការ​ទៅ​មុខជានិច្ច រហូតមានលុយអាចបង្កើត ក្រុមហ៊ុនមួយឈ្មោះ ECC Reality ផ្តោតលើវិស័យ​អចលន​ទ្រព្យ​ វិនិយោគដីលំនៅដ្ឋាន។ ​ផ្តើមចេញរកស៊ីលើកដំបូង បាន​ជួបការ​បរាជ័យ​ពេល​នោះ​ហើយជីវិតរបស់លោក បាត់បង់កិតិ្តយស មនុស្ស​ដែលគេធ្លាប់​ឲ្យតម្លៃគេ​លែង​ឲ្យ​តម្លៃ​ មាន​ការ​មើលងាយពីមនុស្សនៅជុំវិញខ្លួន គេលែងរាប់អាន គេលែងមើល​មុខ ពេល​នោះ​ហើយ​ធ្វើឲ្យជីវិតរបស់លោកមានការឈឺចាប់​ ហើយ​ធ្វើឲ្យលោកសម្រេចចិត្ត បើកអាជីវកម្ម​ខ្លួនឯងដើម្បីធ្វើម្ចាស់ការខ្លួនឯង​ ដោយមើលឃើញថា បើចង់ជោគជ័យត្រូវតែបើក ធ្វើអាជីវកម្មខ្លួន​ឯង​។ ការផ្តល់តម្លៃលើការទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ បានរុញច្រានឲ្យ​លោក​ហ៊ាន​ផ្លាស់​ប្តូរ​ពីអ្នកធ្វើការស៊ីប្រាក់ខែគេ ងាកមកបើកជំនួញ​វិញម្តង ខណៈមនុស្សមួយចំនួនមិនហ៊ាន​ប្រថុយ ​ដោយខ្លួនឯងមានលុយតែ៤០០ដុល្លារតែប៉ុណ្ណោះ។

​សូមបញ្ជាក់ថា លោក ភិរម្យ វិចិត្រដារ៉ា កើតនៅឆ្នាំ១៩៨៥ ក្នុងរាជធានីភ្នំពេញ​។ លោក​កំព្រា​ឪពុក​តាំងពីអាយុ​មួយខួបកន្លះ ដែលមានម្តាយប្រកបមុខរបរលក់អុស​។ លោក ភិរម្យ វិចិត្រដារ៉ា បានរៀបការជាមួយនារីឈ្មោះ នង ស្រីពេជ្រ ជាអ្នករស់នៅរាជធានីភ្នំពេញ បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២។ លោក​មាន​បងប្អូន​៣នាក់ស្រី២នាក់ លោកជាកូនទី២ក្នុងគ្រួសារ​ចំពោះ​ការសិក្សា​ លោកភិរម្យ វិចិត្រដារ៉ា បាន​ចូល​សិក្សា​នៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបាន​បន្ត​ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល៕

Advertising