(ភ្នំពេញ)៖ កញ្ញា ស៊ុយ បូណាវីន បានក្លាយជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ត្រូវចេញទៅចូលរួមប្រកួតប្រជែងសម្រស់ នៅក្នុងព្រឹត្តិការណ៍ «Miss Cosmoworld 2019» នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានបេក្ខភាពតំណាងផ្សេងៗជាច្រើន​ ប្រមាណជាង២០ប្រទេសចូលរួម។ កញ្ញា ស៊ុយ បូណាវីន បានសម្រេចចិត្តជ្រើសយក ឈុតតំណាងជាតិមួយ មានឈ្មោះថា «ធីតាកម្ពុជាក្រុងចតុមុខមង្គល» ដើម្បីបង្ហាញដល់អន្តរជាតិបានស្គាល់ពីវប្បធម៌ និងអរីយធម៌ សម្លៀកបំពាក់ខ្មែរ ហើយក្រៅពីឈុតនេះ នាងក៏នាំយកក្បាច់គុនល្បុក្កតោខ្មែរ ទៅបង្ហាញផងដែរ។

លោក គឹម សាម៉ុន អ្នកច្នៃឈុតតំណាងជាតិឈ្មោះ «ធីតាកម្ពុជាក្រុងចតុមុខមង្គល» បានថ្លែងបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ តំណាងប្រទេសនីមួយៗ តែងតែមានឈុតតំណាងជាតិរបស់គេ ដោយឡែកសម្រាប់កម្ពុជា ក៏មានឈុតតំណាងជាត់ខ្មែរយើងដែរ គឺឈុត «ធីតាកម្ពុជាក្រុងចតុមុខមង្គល» ដែលលោកបានសិក្សាស្រាវជ្រាវ អស់រយៈពេលជាច្រើនខែ ទម្រាំច្នៃចេញជារូបរាងបាន។ លោកថា ឈុតនេះគឺស្ថិតនៅក្រោយសម័យអង្គរ ខណៈដែលសម័យនោះ គឺវប្បធម៌ និងអរីយធម៌ខ្មែរ បានភាពរីកចម្រើនខ្លាំង ហើយក្រោយៗមកទៀត ក៏លោកបានសិក្សា ច្របាច់បញ្ចូលគ្នា មានក្បាច់ ភ្ញីផ្កា ដាំពេជ្រ និងការរចនាឡើង ជាច្រើនទៀត ដែលលោកបានរកឃើញ និងជាគំនិតច្នៃប្រឌិតរបស់លោក។

លោកបានបន្តថា ការសិក្សាច្នៃម៉ូដតំណាងជាតិនេះ គឺប្រើពេលយូរគួរសម ហើយអ្វីដែលលោកពេញចិត្តបំផុតនោះ គឺឈុតនេះធ្វើឡើងដោយដៃសុទ្ធសាធ ទាំងការដេរក្រណាត់ ដាក់ត្បូង ដាក់ផ្កា ការរចនាមកុដ និងគ្រឿងតុងតែងផ្សេងៗជាច្រើនទៀត។ ឈុតនេះត្រូវបានគ្រង ដោយកញ្ញា ស៊ុយ បូណាវីន ដែលជាបេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក៏ជាមោទនភាពថ្មីមួយទៀត សម្រាប់រូបលោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលយើងបានបង្ហាញកេរ្តិ៍មរតកវប្បធម៌ និងអរីយធម៌ដ៏ចំណាស់នេះ ឲ្យពិភពលោកបានស្គាល់។

ដោយឡែកសម្រាប់កញ្ញា ស៊ុយ បូណាវីន បានសម្ដែងនូវក្ដីរីករាយថា នាងពិតជារំភើបខ្លាំង ដែលបានក្លាយជាតំណាងបេក្ខភាពរបស់ប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយនាងនឹងនាំយកអ្វីដែលខ្មែរមាន ក្នុងនោះវប្បធម៌ សិល្បៈ កេរ្តិ៍ដំណែល និងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត បង្ហាញឲ្យអន្តរជាតិបានឃើញ។ ជាពិសេសក្រៅពីឈុតឈ្មោះ «ធីតាកម្ពុជាក្រុងចតុមុខមង្គល» នេះ រូបនាងក៏មានក្បាច់គុនល្បុក្កតោ ដែលជាផ្នែកមួយបង្ហាញពីសិល្បៈកីឡាខ្មែរ និងជាក្បាច់គុនខ្មែរដ៏ចំណាស់មួយ បង្ហាញឲ្យបានឃើញក្នុង ព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិនោះ ផងដែរ។

យ៉ាងណាមិញសម្រាប់កញ្ញា ស៊ុយ បូណាវីន បានសម្ដែងការតាំងចិត្តយ៉ាងមុតមាំថា នឹងខំប្រឹងប្រែងបញ្ចេញសមត្ថភាពដែលខ្លួនមានទាំងអស់ ដើម្បីឲ្យបានផ្លែផ្កាវិជ្ជមាន និងនាំភាពជោគជ័យមកកាន់មាតុប្រទេសវិញ។ នាងក៏បានទទូលដល់មហាជនជួយផ្ដល់កម្លាំងចិត្ត និងគាំទ្ររូបនាង ក្នុងព្រឹត្តិការណ៍នេះ ដើម្បីជាកម្លាំងចិត្តដ៏ធំធេងមួយសម្រាប់នាង នៅក្នុងការប្រកួត។ កញ្ញា ស៊ុយ បូណាវីន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ខណៈការប្រកួតត្រូវធ្វើឡើងថ្ងៃ០១ ខែវិច្ឆិកា ហើយនិងត្រូវត្រឡប់មកវិញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕

Advertising