(សូហ្វៀ)៖ លោក Krasimir Balakov ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិប៊ុលហ្គារី (Bulgaria) បានដាក់ពាក្យលាឈប់ជាផ្លូវការហើយ ក្រោយពេលផ្ទុះករណីរើសអើងពូជសាសន៍នៅអំឡុងប្រកួតដែលក្រុមនៅអឺរ៉ុបមួយនេះ ចាញ់អង់គ្លេស ៦-០ កាលពីដើមសប្តាហ៍នៃវគ្គជម្រុះ Euro 2020។

ការសម្រេចចុះចេញពីតំណែងដ៏តក់ក្រហល់នេះដែរ ត្រូវបានធ្វើឡើងត្រឹមតែរយៈពេល ៤ថ្ងៃប៉ុណ្ណោះ ពោលគឺបន្ទាប់ពីប៊ុលហ្គារី បានបរាជ័យស្ពឹកមុខក្រោមថ្វីជើងរបស់ក្រុមតោកំណាចអង់គ្លេស ៦-០ នៅទីក្រុង Sofia កាលពីរាត្រីថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ វគ្គសន្សំពិន្ទុប្រចាំពូល A ក្នុងការប្រជែងកៅអីឡើងទៅលេងជុំផ្តាច់ព្រ័ត្រ Euro ឆ្នាំក្រោយ។

លោក Balakov ដែលមានវ័យ ៥៣ឆ្នាំ បានជួបប្រជុំជាមួយសហព័ន្ធកីឡាបាល់ទាត់ប៊ុលហ្គារីកាលពីថ្ងៃសុក្រម្សិលមិញ និងបានលើកឡើងថា «ខ្ញុំមិនអាចបន្តដឹកនាំក្រុមជម្រើសជាតិប៊ុលហ្គារីតទៅទៀតបានទេ ដ្បិតខ្ញុំមិនធ្លាប់ដឹកនាំក្រុមណាមានស្ថានភាពបែបនេះឡើយ បើទោះបីជាខ្ញុំខិតខំ ក៏ដូចជាពន្យល់ពួកគេក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ឲ្យព្យាយាមអត់ធ្មត់។ អារម្មណ៍ពួកគេពិតជា stress ខ្លាំងណាស់នៅលើទីលាន»។

ដូចគ្នានោះដែរ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៊ុលហ្គារី លោក Borislav Mikhailov ក៏បានចុះចេញពីតំណែងផងដែរ កាលពី២ថ្ងៃមុន ស្របពេលដែលក្រុមអ្នកស្រែកច្រៀងបែបរើសអើងពូជសាសន៍នៅអំឡុងប្រកួតចំនួន ៤នាក់ ត្រូវបានចាប់ខ្លួនផងដែរនោះ៕

Advertising