(លីវើភូល)៖ កីឡាករខ្សែការពារ Joel Matip បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លឹបហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៤ ស្របពេលខ្សែប្រយុទ្ធ Mason Greenwood នៅបន្តជាមួយ Manchester United រហូតដល់ឆ្នាំ២០២៣ ខាងមុខ។

ខ្សែការពារវ័យ ២៨ឆ្នាំ Matip រកបាន ៤គ្រាប់ក្នុងចំណោមចូលលេងសរុប ៨២ប្រកួតឲ្យ Liverpool គិតចាប់តាំងពីបានចូលរួមជាមួយក្លឹបអង់គ្លេសនេះក្នុងឆ្នាំ២០១៦ ក្រោយចាកចេញពីក្លឹបអាល្លឺម៉ង់ Schalke ជាមួយនឹងការរកបាន ២គ្រាប់ផងដែរឲ្យក្រុមរបស់លោក Jurgen Klopp គ្រប់ការប្រកួតនារដូវកាលឆ្នាំ២០១៩-២០២០ នេះ។

កីឡាករអន្តរជាតិកាមេរូនរូបនេះ ជាសមាជិកសំខាន់ដែលបានជួយឲ្យ Liverpool ឈ្នះជើងឯក UEFA Champions League រដូវកាលមុន និងបន្តជួយក្រុមនេះឈរនៅកំពូលដាច់ផងដែរនៅ Premier League រដូវកាលនេះ មុនពេលរបួស ដោយខកខាន ២ប្រកួតក្នុងក្លឹប Liverpool និងរំពឹងអាចចូលលេងវិញបានផងដែរ ក្នុងជំនួបទល់នឹង Manchester United ស្អែកនេះ។

ចំណែកកីឡាករខ្សែប្រយុទ្ធ ដែលមានវ័យទើបតែ ១៨ឆ្នាំ Greenwood បានសម្រេចបន្តរួមរស់ជាមួយ Man Utd ដល់ឆ្នាំ២០២៣ ជាមួយនឹងការរកបាន ២គ្រាប់ក្នុងចំណោមចូលលេង ៩ប្រកួតឲ្យបិសាចក្រហមនារដូវកាលថ្មីនេះ ដោយបានចូលលេងឲ្យក្លឹបនេះដំបូងក្នុងជំនួបទល់នឹងក្រុម Cardiff City របស់វេលកាលខែឧសភា ឆ្នាំ២០១៩។

Greenwood ជាកីឡាករក្នុងចំណោម ១២នាក់ដែលត្រូវបានគ្រូបង្វឹក Ole ជ្រើសរើសចេញពីយុវជនថ្នាលរបស់ក្លឹប ដើម្បីប្រយុទ្ធលើវាលស្មៅនារដូវកាលឆ្នាំ២០១៩-២០២០ នេះ ក្រោយពេលចុះកិច្ចសន្យាក្នុងនាមជាកីឡាករអាជីពលើកដំបូងជាមួយ Man Utd កាលខែតុលា ឆ្នាំ២០១៨៕

Advertising