(មែនឆេស្ទើ)៖ ការប្រកួតនៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 ក្រុមខ្លាំង Liverpool នៅមិនទាន់ស្គាល់ចាញ់នៅឡើយ ក្រោយបន្តប្រកួតស្មើ ១-១ ជាមួយក្រុមបិសាចក្រហម Manchester United នៃការក្នុងសប្តាហ៍ទី៩ នារាត្រីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

ការប្រកួតនៅកីឡដ្ឋាន Old Trafford ដែលទឹកដីរបស់ Man Utd ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៧៣៧៣៧ នាក់ ក្រុមម្ចាស់ផ្ទះ Man Utd បានធ្វើការនាំមុខដោយកីឡាករវ័យក្មេង Marcus Rashford នៅនាទី៣៥ គ្រាដែលគ្រាប់បាល់តាមស្មើពីសំណាក់ក្រុមភ្ញៀវ Liverpool ធ្វើបានសម្រេចដោយកីឡាករ Adam Lallana នៅនាទី៨៥ ចុងម៉ោងដែលឲ្យធ្វើការប្រកួតនេះ បញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ និងរកបាន ១ពិន្ទុត្រឡប់ទៅផ្ទះវិញ។

សម្រាប់ក្រុមរបស់លោក Jurgen Klopp ពេលនេះនៅតែបន្តឈរលើកំពូលតារាងដដែលដោយមាន ២៥ពិន្ទុ គ្រាដែលក្រុមការពារតំណែងជើងឯក Manchester City រកបាន ៣ពិន្ទុក្រោយយកឈ្នះក្រុម Crystal Palace ២-០ និងបន្តឈរលេខរៀងទី២ ដោយមាន ១៩ពិន្ទុ និងក្រុមរបស់លោក Ole Gunnar Solskjaer ឈរនៅលេខរៀងទី១៣ មានតែ ១០ពិន្ទុប៉ុណ្ណោះ៕

Advertising