(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនទៅជាតារាចម្រៀងដ៏ល្បីឈ្មោះកញ្ញា ឆោម ណារ៉ុង ហៅ ណាណៃ ថ្មីៗនេះបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រ។ ទន្ទឹមគ្នានេះ​ កញ្ញា​បានទម្លាយនូវប្រវត្តិជីវិតកម្សត់ ពេលចូលសិល្បៈដំបូងថា ត្រូវបានអ្នកសិល្បៈរៀមច្បងមើលងាយ​ មើលស្រាល និងជិះជាន់​ ព្រោះនាងជាតារាចំណូលថ្មី។

តាមរយៈការសាកសួររបស់ពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក​ របស់តារា»​ តារាសម្តែង ​និងជាតារាចម្រៀងស្រី ណាណៃ​ បានឲ្យដឹងថា ពេលនាងចូលសិល្បៈដំបូង គឺត្រឹមតែជាតារាសម្តែងប៉ុណ្ណោះ តែដោយសារចិត្តស្រឡាញ់សិល្បៈ និងចេះវិវឌ្ឍន៍ខ្លួនទើបបានក្លាយជាតារាចម្រៀង។ ប្រឡូកក្នុងវិស័យសម្តែង​ ណាណៃ​ ត្រូវបានផលិតករហៅទៅសម្តែងជាញឹកញាប់ផងដែរ​ក្នុងនោះ នាងបានចូលសម្តែងក្នុងផលិតកម្មមហាហង្ស​ ផលិតកម្មហង្សមាស​ និងថតឲ្យទូរទស្សន៍បាយ័នជាដើម។

យ៉ាងណាមិញ​ តារាចម្រៀងម្ចាស់បទ​ «ព្រៃវែងរឿងខ្ញុំ»​ រូបនេះ ​បានទម្លាយនូវប្រវតិ្ត ពេលចូលសម្តែងដំបូងថា នាងបានឆ្លងកាត់នូវភាពលំបាកជាច្រើន ជាពិសេស គឺទទួលរងនូវការមើលងាយ រើសអើស​ និងជិះជាន់​ពីសិល្បកររៀមច្បងតែម្តង។ ណាណៃ​ អះអាងថា ដោយសារខ្លួនជាតារាពន្លកថ្មី​ ពេលចូលសម្តែងដំបូង ត្រូវមនុស្សជាច្រើនរំខាន ពេលខ្លួនកំពុងសម្តែងធ្វើយ៉ាងណាឲ្យការងាររបស់នាងមិនអាចទៅមុខរួច។ ទោះបែបនេះ នាងនៅតែព្យាយាម រហូតទទួលបានតំណែង​ពីតួអង្គរាយរង ទៅជាតួអង្គធំក្នុងរឿង។

ទន្ទឹមគ្នានេះ​ ព្រោះតែមហិច្ឆតាក្នុងសិល្បៈ ឆោម ​ណារុង ហៅណាណៃ​ បានបន្តប្រឡូកក្នុងវិស័យចម្រៀងបន្ថែម ព្រោះត្រូវបានផលិតកម្ម Zone ផ្តល់ឱកាសឲ្យ​ និងចេញចម្រៀងជាបន្តបន្ទាប់​ដូចជាបទ​ «ព្រៃវែងរឿងខ្ញុំ», បទ «ប្រាកដទេថាគេស្នេហ៍បងជាងអូន» និងបទ «ប្រុសសាវ៉ាចេញឲ្យឆ្ងាយ» ជាដើម ដែលបទទាំងនោះសុទ្ធសឹងតែមានការគាំទ្រច្រើនពីមហាជន។ នាងបញ្ជាក់ថា ទោះចេញចម្រៀងក្នុងផលិតកម្ម Zone តែនាងមិនទាន់ចុះកុងត្រាជាមួយផលិតកម្មឡើយ ព្រោះត្រូវទទួលសម្តែង​ និងទទួលច្រៀងតាមការប្រគំតន្រ្តីផ្សេងៗទៀត។ និយាយដល់ចំណុចនេះ ណាណៃ​ បានលើកម្រាមដៃដប ថ្លែងអំណរគុណដល់ម្ចាស់ផលិតកម្ម Zone ដែលបានផ្តល់ឱកាសឲ្យនាងចេញបទចម្រៀងក្នុងផលិតកម្ម​ និងបើកសិទ្ធសេរីភាពឲ្យនាងទទួលកម្មវិធីផ្សេងៗ ដើម្បីអភិវឌ្ឍន៍ខ្លួន។

ពាក់ព័ន្ធនឹងរឿងរ៉ាវផ្ទាល់ខ្លួនក្រៅពីសិល្បៈ កញ្ញា ណាណៃ​ បានបញ្ជក់ថា ខ្លួនមិនទាន់ទទួលស្នេហាថ្មីនោះឡើយ ចាប់តាំងពីទទួលរងគ្រោះដោយសាររឿងស្នេហ៍ម្តងហើយនោះ។ នាងបញ្ជាក់ថា កាលពី៤ឆ្នាំមុន មានបុរសម្នាក់ចូលមកក្នុងជីវិតនាង ធ្វើឲ្យនាងស្រឡាញ់ ផ្តល់សង្ឃឹមឲ្យនាង តែចុងក្រោយបែរជាទៅរៀបការជាមួយនារីផ្សេងទៅវិញ​ ជាហេតុធ្វើឲ្យនាងមិនទាន់ហ៊ានទទួលស្នេហ៍ថ្មីមកទល់នឹងបច្ចុប្បន្ន។ តាមរយៈការឈឺចាប់នេះ នាងក៏បានតែងចេញនូវបទចម្រៀងមួយដែរ គឺបទ​ «ប្រុសសាវ៉ាចេញឲ្យឆ្ងាយ»៕

Advertising