(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅថ្ងៃពុធសប្ដាហ៍នេះ ខណៈយោធាតួកគីនៅតែបន្តធ្វើប្រតិបត្តិការយោធា ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី ដោយគ្មានសញ្ញាថាបញ្ឈប់ ឬបន្ធូរដៃ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងដំណើរទស្សនកិច្ចនេះលោក Mike Pence គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ នៅថ្ងៃព្រហស្បតិ៍ ហើយលោកនឹងបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មរហូតដល់ទីក្រុងអង់ការ៉ាបញ្ឈប់ប្រតិបត្តិការយោធា ព្រមទាំងត្រឡប់មករកតុចរចាវិញ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រសួងចំនួន ០២ និងមន្ត្រីជាន់ខ្ពស់បីរូបនៃរដ្ឋាភិបាលលោក អឺដូហ្គាន់ ដើម្បីបង្ខំឱ្យតួកគីបញ្ឈប់ការវាយលុក លើក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី។ លោក អឺដូហ្គាន់ បានទាត់ចោលបទឈប់បាញ់ដែលត្រូវបានស្នើឡើងដោយលោក ត្រាំ តែនៅតែបើកទ្វារចរចាជាមួយទីក្រុងវ៉ាស៊ីនតោនដដែល៕

Advertising