(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីអាមេរិកកំពុងវាយតម្លៃលើគម្រោង ដើម្បីយកចេញវិញនូវអាវុធនុយក្លេអ៊ែរប្រមាណ ៥០គ្រាប់ ដែលត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទ័ពអាកាស អ៊ីនស៊ឺលីក (Incirlik) របស់តួកគីអស់រយៈពេលជាយូរណាស់មកហើយ ចំពោះមុខការធ្វើប្រតិបត្តិការ យោធារបស់តួកគីនៅភាគខាងជើងស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Time នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។

បើតាមមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ គ្រាប់បែកនុយក្លេអ៊ែរទាំងនោះ គឺប្រៀបដូចជាចំណាប់ខ្មាំងរបស់ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ យ៉ាងដូច្នោះឯង។ ប្រសិនបើអាមេរិកយកពួកវាចេញពីបន្ទាយទ័ពតួកគីមែននោះ សម្ព័ន្ធភាពរវាងតួកគី និងអាមេរិកអាចរងការប៉ះពាល់ខ្លាំង ឬឈានដល់ទីបញ្ចប់ក៏ថាបាន។ ប៉ុន្តែបើនៅតែទុកអាវុធនុយក្លេអ៊ែរទាំងនេះ នៅក្នុងទឹកដីតួកគីតទៀត គឺអាមេរិកនៅតែមានចំណុចខ្សោយដដែល។ មិនតែប៉ុណ្ណោះលោក អឺដូហ្គាន់ ក៏បានបង្ហាញពីចេតនាចង់បង្កើន សមត្ថភាពនុយក្លេអ៊ែររបស់តួកគីផងដែរ។

គួរជម្រាបថា នៅចំពោះមុខការដាក់ពិន័យពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លោកប្រធានាធីបតីតួកគីបានសង្កត់ធ្ងន់ថា លោកនឹងឆ្លើយតបឲ្យសមស្រប ចំពោះទង្វើរបស់ពួកប្រទេសលោកខាងលិចវិញ ហើយបានប្តេជ្ញាថានឹងមិនបញ្ឈប់ប្រតិបត្តិការយោធា ដែលកំពុងបន្តប្រព្រឹត្តទៅយ៉ាងក្តៅគគុក នៅតំបន់ភាគខាងជើងនៃប្រទេសស៊ីរីឡើយ ព្រោះពួកឃើដគឺជាក្រុមភេរវករ៕

Advertising