(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះបានប្រកាសថា នឹងផ្ដល់ជំនួយរាប់លានដុល្លារ ទៅកាន់តំបន់រងគ្រោះដោយសារព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៧០នាក់ និងរាប់សិបនាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។

យោងតាមនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ រដ្ឋាភិបាលរបស់លោកនឹងផ្ដល់ជំនួយ៧១០លានយ៉េន ស្មើនឹង ៦.៥លានដុល្លារ ទៅកាន់តំបន់រងគ្រោះ។ លោក អាបេបន្ថែមដូច្នេះថា៖ «រដ្ឋាភិបាលនឹងរួបរួមគ្នាដើម្បីដោះស្រាយ បញ្ហា ក៏ដូចជាផ្ដល់ការគាំទ្រដល់ជនរងគ្រោះ ដើម្បីឱ្យពួកគេត្រឡប់ទៅការរស់នៅជាធម្មតាឡើងវិញ ឱ្យបានកាន់តែ ឆាប់តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុន មកទល់នឹងថ្ងៃពុធនេះចំនួនអ្នកសា្លប់ដោយសារព្យុះ Hagibis បានកើនដល់ ៧៤នាក់ហើយ និងរាប់សិបនាក់នៅតែបន្តបាត់ខ្លួននៅឡើយ។ ចំណែកឯ ផ្ទះច្រើនជាង១០,០០០ខ្នងគ្មានអគ្គិសនី ប្រើប្រាស់ និងជាង១១០,០០០ខ្នង គ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយនាំមកជាមួយនូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ដែលបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំង ខេត្តចំនួន ៣៦ ក្នុងចំណោមខេត្តសរុប ៤៧ របស់ជប៉ុន។ Hagibis ជាព្យុះទីហ្វុង ដ៏កំណាចបំផុតមួយ ដែលព្យុះសាហាវបែបនេះមិនធ្លាប់វាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះឡើយ៕

Advertising