(អាមេរិក)៖ ពាក់ព័ន្ធនឹងគម្រោងឋានព្រះច័ន្ទ ទីភ្នាក់ងារអវកាសអាមេរិក NASA មានគំនិតចង់អភិវឌ្ឍយាន Rover មួយគ្រឿង ដែលមានតួនាទីស្វែងរកប្រភពទឹក នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

ប្រសិនបើគំនិតបេសកកម្មនេះអាចទៅមុខបាន នោះអង្គការ NASA នឹងបង្កើតយានអាចចល័តបានមួយគ្រឿងហៅថា VIPER ដែលអាចធ្វើប្រតិបត្តិការរយៈវែងក្នុង កិច្ចការងារតាមរកប្រភពទឹក នៅឯតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។ អង្គការ NASA មាន គោលដៅបាញ់បញ្ជូនយាន VIPER ចេញពីភពផែនដីនៅឆ្នាំ២០២២។ NASA បានបញ្ជាក់ថា ខ្លួនចង់រចនាយាន VIPER ឲ្យវាអាចធ្វើប្រតិបត្តិការទាំងអំឡុងពេលយប់ នៅលើផ្ទៃព្រះច័ន្ទថែមទៀតផង។ ជាទូទៅពេលយប់នៅព្រះច័ន្ទ សីតុណ្ហភាពចុះត្រជាក់ខ្លាំង ដែលជាឧបសគ្គសម្រាប់យានភាគច្រើននៅទីនោះ។

គួរជម្រាបថា ខណៈ NASA ចង់បញ្ជូនយាន VIPER ចេញនៅឆ្នាំ២០២២ ប៉ុន្តែផែនការនេះមានតែនៅលើក្រដាសនៅឡើយនោះ មតិមួយចំនួនប្រហែលជាយល់ឃើញថា «វាមិនអាចទៅរួច»។ យ៉ាងណាមិញកន្លងមក គឺកាលពីឆ្នាំ២០០៦ បេសកកម្ម LCROSS ត្រូវបាន NASA ជ្រើសរើសអភិវឌ្ឍឡើង ហើយនៅឆ្នាំ២០០៩ ផ្កាយរណបនោះ ក៏ត្រូវបានបាញ់បញ្ជូនទៅកាន់ឋានព្រះច័ន្ទ។ ដូច្នេះវាមិនមែនមិនធ្លាប់កើតមាននោះទេ។ គោលដៅរបស់បេសកកម្ម LCROSS គឺផ្ទៀងផ្ទាត់មើលថា តើតំបន់មួយនៅលើផ្ទៃព្រះច័ន្ទមានសំណើមដែរ ឬអត់ ខណៈលទ្ធផលបានបង្ហាញមកថាមាន៕

Advertising