(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានឱ្យដឹងនៅថ្ងៃពុធសប្ដាហ៍នេះថា កំណើននៃការលក់របស់ខ្លួនបានងើបឡើងវិញជាថ្មី ដែលនេះគឺបង្ហាញពីជ័យជម្នះលើវិធានការខ្ទប់ដង្ហើមពាណិជ្ជកម្ម Huawei នៅទូទាំងពិភពលោក ពីសំណាក់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

សហរដ្ឋអាមេរិកបានបញ្ចូល Huawei ទៅក្នុងបញ្ជីខ្មៅកាលពីខែឧសភាកន្លងទៅ ដោយហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងអស់ ក្នុងការលក់បរិក្ខាចាំបាច់នានាឱ្យក្រុមហ៊ុនយក្សចិនមួយនេះ យកទៅផលិតទូរស័ព្ទដៃស្មាតហ្វូន និងឧបករណ៍ 5G ជាដើម។ ការរឹតត្បិតនេះក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើឱ្យប៉ះពាល់មិនតិចនោះទេដល់ប្រាក់ចំណូលរបស់ Huawei ប៉ុន្តែការលក់របស់ Huawei មានចំនួនដល់ទៅ ៨៦ពាន់លានដុល្លារគិតចាប់ពីខែមករា ដល់ខែកញ្ញា។ ពោលគឺកើនឡើងជិត ២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរជម្រាបថា សហរដ្ឋអាមេរិកបានព្រមានជាច្រើនលើកច្រើនសា ឱ្យបណ្ដាប្រទេសនៅលើពិភពលោក កុំប្រើប្រាស់បរិក្ខាជាពិសេសគឺប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei ដោយចោទថា ក្រុមហ៊ុនមួយនេះអាចនឹងលួចស៊ើបការណ៍សំងាត់ ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង។

ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមហ៊ុន Huawei បានទាត់ចោលការចោទប្រកាន់នេះ ហើយរឹតតែពិសេសជាងនេះទៅទៀត បើតាម Huawei បើទោះជាមានការព្រមាន និងការដាក់សម្ពាធពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ នៅតែអាចចុះកិច្ចសន្យាច្រើនជាង ៦០ លើការអភិវឌ្ឍប្រព័ន្ធ 5G នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន ខណៈអាល្លឺម៉ង់ដែលជាប្រទេសធំ និងមានសេដ្ឋកិច្ចលេខ ១ ប្រចាំទ្វីបអឺរ៉ុបនោះក៏ទើបបើកទ្វារស្វាគមន៍សេវា 5G របស់ក្រុមហ៊ុន Huawei ផងដែរ៕

Advertising