(ប៉េកាំង)៖ Type 001A ដែលជានាវាផ្ទុកយន្ដហោះចម្បាំងទី ២ របស់ចិន និងផលិតនៅក្នុងស្រុកជាលើកដំបូងបំផុត ទំនងជាបានចាប់ផ្ដើមធ្វើប្រតិបត្តិការសាកល្បង នៅឯដែនសមុទ្រជាលើកទី ៨ កាលពីថ្ងៃអង្គារកន្លងទៅ ខណៈក្រុមជំនាញយោធាជាច្រើនយល់ថា នាវាផ្ទុកយន្ដហោះចម្បាំងនេះអាចនឹងត្រូវបានដាក់ឱ្យយោធាចិន ប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

យោងតាមរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម នៅក្នុងប្រទេសចិន នាវាផ្ទុកយន្ដហោះចម្បាំង Type 001A បានចាប់ផ្ដើមចេញដំណើរចាកចេញពីកំពង់ផែ ដាលៀន (Dalian) នៃខេត្តលាវនីង (Liaoning) ភាគឦសានប្រទេសចិន។ ចំណែកឯរដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិន ក៏បានប្រកាសដែរថា ការធ្វើសមយុទ្ធយោធានឹងចាប់ផ្តើមប្រព្រឹត្តទៅពីល្ងាចថ្ងៃចន្ទសប្តាហ៍ក្រោយ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅឯសមុទ្របូហៃ (Bohai) ជាទីដែលក្រុមអ្នកជំនាញយោធាជឿជាក់ថា Type 001A នឹងបង្ហាញខ្លួនក្នុងសមយុទ្ធយោធានេះដែរ។

គួរបញ្ជាក់ថា បើសិនព័ត៌មានខាងលើជាការពិត នោះវានឹងក្លាយជាលើកទី ៨ ហើយ ដែលនាវាផ្ទុកយន្ដហោះចម្បាំងចិន Type 001A ធ្វើតេស្ដសាកល្បងនៅឯសមុទ្រ បន្ទាប់ពីការធ្វើតេស្ដលើកទី ៧ ត្រូវបានគេរាយការណ៍ធ្វើឡើងកាលពីដើមខែសីហាកន្លងទៅ។ ការត្រៀមដាក់ឲ្យដំណើរការនាវាដឹកយន្តហោះចម្បាំង Type 001A នឹងធ្វើឲ្យចិនមាននាវាដឹកយន្តហោះចម្បាំងសរុបពីរគ្រឿង ខណៈនាវាដឹកយន្តហោះចម្បាំងទី ១ ឈ្មោះ Liaoning គឺជាផលិតផលរបស់អតីតសហភាពសូវៀត៕

Advertising