(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី បានយល់ព្រមផ្អាកប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើង ប្រទេស ស៊ីរីហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដដកចេញពីតំបន់សុវត្ថិភាព មួយសម្រាប់ជនភៀសខ្លួនស៊ីរី នៅតាមព្រំដែនរវាងស៊ីរី និងតួកគី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

បទឈប់បាញ់ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបរវាងអនុប្រធានាធិបតីអាមេរិក លោក Mike Pence និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅក្នុងទីក្រុងអង់ការ៉ា។ បទឈប់បាញ់នេះ មានរយៈពេល៥ថ្ងៃ ហើយសហរដ្ឋអាមេរិកបានយល់ព្រមជួយសម្រួលដល់ការដកកងកម្លាំងឃើដចេញពីតំបន់ សុវត្ថិភាពរបស់តួកគី។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើក្រុមសកម្មប្រយុទ្ធឃើដ YPG នឹងអនុវត្តតាមបទឈប់បាញ់នេះ ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា តួកគី បានបើកប្រតិបតិ្តការយោធាវាយលុកចូលភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធសប្ដាហ៍ មុន បន្ទាប់ពីសហរដ្ឋអាមេរិកយល់ព្រមដកកងទ័ពចេញពីតំបន់នេះ។ ប្រតិបត្តិការយោធារបស់តួកគី មានគោលបំណងបោសសំអាតក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាពួកភេរវករ និងដើម្បីបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរី។

ដោយឡែក បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជនស៊ីវិល ៧២នាក់ត្រូវបានសម្លាប់ និងច្រើនជាង ៣០០,០០០នាក់ បានរត់ភៀសខ្លួន ក្នុងរយៈពេលជាង៨ថ្ងៃមកនេះ ហើយការវាយប្រយុទ្ធគ្នានៅតែបន្តកើតមានដដែល បើទោះជាមានការប្រកាសពីបទឈប់បាញ់ក៏ដោយ។ ចំណែកឯ យោធាតួកគីក៏បានអះអាងដែរថា ក្រុមសកម្មប្រយុទ្ធឃើដយ៉ាងណាស់ ៥៩៥នាក់ ត្រូវបាន សម្លាប់៕

Advertising