(ហ្សាការតា)៖ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ប្រវត្តិសង្ខេបនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រជាជាតិអ៊ីស្លាមធំជាងគេបំផុតលើលោក៖

១៖ ព័ត៌មានទូទៅសំខាន់ៗអំពីឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីមានកោះរហូតដល់ទៅច្រើនជាង ១៧,០០០កោះ
និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាហេតុធ្វើឱ្យប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់ នូវគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ កោះដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសាឥណ្ឌូណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea)។

* មានឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋឥណ្ឌូណេស៊ី
* មានរដ្ឋធានីឈ្មោះ៖ ហ្សាការតា
* មានផ្ទៃដីទំហំ៖ ១.៩លានគីឡូម៉ែត្រក្រឡា
* ជាប្រទេសកាន់របបប្រជាធិបតេយ្យធំបំផុតទី ៣ លើលោកបន្ទាប់ពីឥណ្ឌា និងអាមេរិក
* មានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនជាងគេបំផុតនៅលើពិភពលោក
* ជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក
* មានប្រជាជនចំនួន៖ ២៦៧លាននាក់ (ឆ្នាំ២០១៧)
* មានភាសាតំបន់សំខាន់ៗ៖ ៣០០ភាសា
* មានសាសនាធំជាងគេ៖ អ៊ីស្លាម
* មានអត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៦៧ឆ្នាំ និងមនុស្សស្រី ៧១ឆ្នាំ
* មានរូបិយវត្ថុ៖ ឥណ្ឌូណេស៊ូរូពី (Rupiah)

២៖ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី

បើតាមធនាគារពិភពលោក ប្រទេសឥណ្ឌូណេស៊ីអាចរក្សាផលិតផលនៅក្នុងស្រុកសរុប ឬ GDP នៅកម្រិតថេរក្នុងអាត្រា ៥.១ភាគរយ ក្នុងត្រីមាសទីមួយឆ្នាំ២០១៩នេះ។ ចំណែកឯមជ្ឈមណ្ឌលសម្រាប់សេដ្ឋកិច្ច និងការស្រាវជា្រវពាណិជ្ជកម្ម (CEBR) កាលពីឆ្នាំ២០១៣ ក៏បានឱ្យដឹងដែរថា GDP របស់ឥណ្ឌូណេស៊ីមាន ៨៦៧ពាន់លានដុល្លារ ពោលគឺជាប់លេខ ១៦ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក ខណៈ GDP ប្រជាជនម្នាក់គឺ ៤,៨៧៥ដុល្លារ (ឆ្នាំ២០១២, ធនាគារពិភពលោក)។ ឥណ្ឌូណេស៊ីក៏ជាសមជិកនៃក្រុមប្រទេស G20 ផងដែរ។

៣៖ មេដឹកនាំនៃប្រទេសឥណ្ឌូណេស៊ី

ប្រធានាធិបតីបច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo)៖ លោក វីដូដូ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ដែលនេះមានន័យថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីឥណ្ឌណេស៊ីសម្រាប់ អណត្តិទីពីរជាប់ៗគ្នា។ នៅថ្ងៃអាទិត្យ ទី២០ ខែតុលាឆាប់ៗខាងមុខនេះ គឺជាពេលដែលលោក ចូកូ វីដូដូ (Joko Widodo) ត្រូវចូលស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២ របស់លោកជាផ្លូវការ។

៤៖ ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី

* ឆ្នាំ១៦៧០-១៩០០៖ ឥណ្ឌូណេស៊ីទាំងមូលត្រូវស្ថិតនៅក្រោមអាណានិគមរបស់ហូឡង់
* ឆ្នាំ១៩៤២៖ ឥណ្ឌូណេស៊ីត្រូវជប៉ុនគ្រប់គ្រង
* ឆ្នាំ១៩៤៩៖ ហូឡង់ទទួលស្គាល់ឯករាជ្យរបស់ឥណ្ឌូណេស៊ី ហើយលោក ស៊ូកាណូ (Sukarno) ឡើងកាន់តំណែងជាប្រធានាធិបតី
* ឆ្នាំ១៩៦៦៖ លោក Sukarno ប្រគល់អំណាចឱ្យលោកឧត្ដមសេនីយ ស៊ូហាតូ (Suharto)
* ឆ្នាំ១៩៧៦៖ ឥណ្ឌូណេស៊ីលើកទ័ពវាយចូលទីម័រខាងកើត យកមកធ្វើជាខេត្តមួយរបស់ខ្លួន
* ឆ្នាំ១៩៩៨៖ ផ្ទុះបាតុកម្មតវ៉ាទម្លាក់លោក Suharto ចេញពីតំណែង
* ឆ្នាំ១៩៩៩៖ ទីម័រខាងកើតរៀបចំការបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពីឥណ្ឌូណេស៊ី
* ឆ្នាំ២០០៤៖ មានការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ជាលើកដំបូងបំផុត។

គួរបញ្ជាក់ថា ដោយសារតែឥណ្ឌូណេស៊ីជាប្រទេសធំ និងសំបូរដោយដែនកោះផងនោះ ទើបធ្វើឲ្យការគ្រប់គ្រងរដ្ឋបាលមានលក្ខណៈពិបាក ជាក់ស្តែងការបោះឆ្នោតរាល់អាណត្តិ ក៏ត្រូវបានចំណាយពេលយូរផងដែរ ក្នុងការប្រមូលផ្តុំសន្លឹកឆ្នោតពីដែនកោះ និងខេត្តនីមួយៗមកកាន់រដ្ឋបាលកណ្តាល នៅទីក្រុងហ្សាកាតា។ និយាយដល់ហ្សាកាតា រដ្ឋាភិបាលលោក វីដូដូ បានត្រៀមខ្លួនរួចហើយ ក្នុងការជ្រើសរើសកោះធំ Borneo ដើម្បីបង្កើតរដ្ឋធានីថ្មី ព្រោះហ្សាកាតា កំពុងតែប្រឈមមុខនឹងភាពកកុញកាន់តែខ្លាំងឡើងៗ និងកាន់តែកកុញខ្លាំងបន្ថែមទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះប៉ុណ្ណោះ។ ដោយឡែកបញ្ហាភេរវកម្ម និងការបះបោរនៅតំបន់មួយចំនួន គឺជារឿងឈឺក្បាលបំផុតសម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន៕

ប្រភព៖ សារព័ត៌មាន BBC និង Sherpa (ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩)

Advertising