(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអនុញ្ញាតឱ្យកងកម្លាំង តួកគី និងឃើដ វាយប្រហារប្រយុទ្ធនៅក្នុងសមរភូមិ ពីព្រោះពួកគេដូចជាកូនក្មេងដែលចូលចិត្តវាយគ្នា ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងពិធីជួបជុំជាមួយអ្នកគាំទ្រនៅឯ រដ្ឋតិចសាស់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «នេះគឺជារឿងដ៏កម្រ ដែលខ្ញុំបានធ្វើ...ពួកគេគឺដូចជាកូនក្មេងដែលចូលចិត្តវាយគ្នាទៅវិញទៅមក។ ដូច្នេះឱ្យពួកគេវាយគ្នាចុះ ហើយបន្ទាប់មក ចាំយើងរុញពួកគេទៅម្ខាង»

គួរបញ្ជាក់ថា បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មនុស្សច្រើនជាង៥០០នាក់ ក្នុងនោះរួមមានទាំង ជនស៊ីវិលបានបាត់បង់ជីវិត និង៣០០,០០០នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែការវាយប្រយុទ្ធគ្នារវាងយោធាតួកគី និងកងកម្លាំងឃើដ នៅតំបន់ភាគខាងជើងស៊ីរី អស់រយៈពេលជាង៨ថ្ងៃមកនេះ។

ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ពោលគឺនៅក្រោយជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence នៅទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី អឺដូហ្គាន់ បានយល់ព្រមផ្អាកបទឈប់បាញ់ រយៈពេល៥ថ្ងៃ ដើម្បីទុកពេលឱ្យកងកម្លាំងឃើដដកខ្លួនចេញពីតំបន់សុវត្ថិភាពគ្រប់គ្រងដោយតួកគី។

យ៉ាងណាក៏ដោយ តួកគីបានបញ្ជាក់ថាការទទួលយកបទឈប់បាញ់នេះ មិនមែនមានន័យថាទីក្រុង អង់ការ៉ាបញ្ឈប់ប្រតិបត្តិការយោធានោះទេ ដោយវានឹងបញ្ចប់ លុះត្រាតែកងកម្លាំងឃើដដកខ្លួនចេញពី តំបន់សុវត្ថិភាពទាំងស្រុងជាមុនសិន៕

Advertising