(ហុងកុង)៖ ជនសង្ស័យជាឃាតកសម្លាប់មិត្តស្រីរបស់ខ្លួនឯងនៅឯកោះតៃវ៉ាន់ និងជាដើមចមនៃបាតុកម្មតវ៉ាដ៏ហិង្សា នៅក្នុងទីក្រុងហុងកុងអស់រយៈជាច្រើនខែមកនេះ បានយល់ព្រមប្រគល់ខ្លួនឱ្យអាជ្ញាធរតៃវ៉ាន់ហើយ បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចថា នឹងត្រូវបានដោះលែងចេញពីពន្ធនាគារនៅហុងកុង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

លោក ចាន តុងកៃ (Chan Tong-kai) មានអាយុ ២០ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានសម្លាប់មិត្តស្រីខ្លួនឯងដែលមានផ្ទៃពោះឈ្មោះ ពូន ហ៊ុយវីន (Poon Hiu-win) កំឡុងដំណើរកម្សាន្តថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នៅឯកោះតៃវ៉ាន់ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ហើយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ទើបអាជ្ញាធរតៃវ៉ាន់ចេញដីកាចាប់ខ្លួនបុរសហុងកុងរូបនេះ។

ប៉ុន្តែលោក Chan បានហោះត្រឡប់មកកាន់ទីក្រុងហុងកុងវិញ ជាទីដែលលោកត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ២៩ខែ ពីបទលាងលុយកង្វក់ ហើយលោកត្រូវបានគេរាយការណ៍ថា នឹងចេញពន្ធនាគារនៅសប្ដាហ៍ក្រោយនេះ។ អាជ្ញាធរតៃវ៉ាន់វិញបានព្យាយាមធ្វើអន្តរាគមន៍ ដើម្បីសុំធ្វើបត្យាប័នបុរសរូបនេះដែរ តែដោយសារមិនមានកិច្ចព្រមព្រៀងផ្នែកបត្យាប័នជាមួយហុងកុង ទើបមិនអាចធ្វើការចាប់ខ្លួនបានរហូតមកទល់នឹងពេលនេះ។

ឃើញដូច្នេះហើយទើបរដ្ឋាភិបាលទីក្រុងហុងកុង បានស្នើឡើងនូវសេចក្ដីព្រាងច្បាប់ធ្វើបត្យាមួយ ដែលអនុញ្ញាតឱ្យតំបន់សេដ្ឋកិច្ចពិសេសចិនមួយនេះ អាចធ្វើបត្យាប័នជនសង្ស័យណាម្នាក់ទៅកាន់បណ្ដាប្រទេសដទៃ ក្នុងនោះរួមមានទំាងចិនដីគោក។ ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះឯង គឺជាមូលហេតុបង្កឱ្យមានបាតុកម្មតវ៉ាដ៏ហិង្សា ក្នុងទីក្រុងហុងកុងមកទល់បច្ចុប្បន្ន បើទោះជាសេចក្ដីព្រាងច្បាប់នេះ ត្រូវបានលុបចោលទៅវិញក៏ដោយ។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Chan Tong-kai បានសម្រេចចិត្តប្រគល់ខ្លួនឱ្យកោះតៃវ៉ាន់ ក្រោយបានពិគ្រោះយោបល់ជាមួយអាចារ្យគ្រឹស្ដ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណម្នាក់ ដែលទំនងជាបានពន្យល់បុគ្គលរូបនេះ អំពីភាពទទួលខុសត្រូវគ្រប់បែបយ៉ាង រហូតរូបគេព្រមភ្ញាក់រលឹកដោយខ្លួនឯង៕

Advertising