(ញូយ៉ក)៖ ចៅក្រមម្នាក់នៃតុលាការទីក្រុងញូយ៉កបានរកឃើញថា ប្អូនប្រុសប្រធានាធិបតី ហុងឌូរ៉ាស់ លោក ហ្ស៊ាន អ័រឡេនដូ ហឺណាន់ដែស (Juan Orlando Hernández) ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋរត់ពន្ធគ្រឿងញៀន ពីប្រទេសហុងឌូរ៉ាស់មកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

លោក ហ្ស៊ាន អាន់តូនីញ៉ូ តូនី ហឺណាន់ដែស (Juan Antonio "Tony" Hernández) មានអាយុ ៤១ឆ្នាំ និងជាអតីតតំណាងរាស្ត្រហុងឌូរ៉ាស់ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងទីក្រុង ម៉ៃអាមី (Miami) ពីបទសង្ស័យថា បានប្រើប្រាស់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលនៃបងប្រុសរបស់លោក ដើម្បីរត់ពន្ធគ្រឿងញៀនប្រភេទ កូកាអ៊ីន (cocaine) ពីប្រទេសហុងឌូរ៉ាស់ ចូលមកកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែមេធាវីការពារក្ដីជនជាប់ចោទ​បានទាត់ចោលសាលក្រមនេះដោយអះអាងថា លោកនឹងបន្តប្ដឹងឧទ្ធរណ៍។

គួរបញ្ជាក់ថា បើតាមសាលក្រមខាងលើ លោក Tony Hernández ត្រូវបានគេផ្ដន្ទាទោសចំនួន ០៤បទល្មើស ក្នុងនោះរួមមានការត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់មកកាន់សហរដ្ឋអាមេរិក ហើយរឹតតែពិសេសជាងនេះទៅទៀតនោះ ប្អូនប្រុសប្រធានាធិបតីហុងឌូរ៉ាស់រូបនេះ ក៏ត្រូវបានរដ្ឋអាជ្ញាអាមេរិកចោទប្រកាន់ថា បានទទួលសំណូកមួយលានដុល្លារ​ពីស្ដេចគ្រឿងម៉ិចស៊ីកូ ចៅឃ្វីន អ៊ែលឆាផូ ហ្គូសមែន (Joaquín "El Chapo" Guzmán) ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសហរដ្ឋអាមេរិកផងដែរ។

តែយ៉ាងណាក៏ដោយ សាលក្រមផ្តន្ទាទោសជាផ្លូវការប្រឆាំងនឹងលោក Tony Hernández នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯណោះ ជាមួយការប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត៕

Advertising