(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់សាដ បានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអ្វីដែល លោកហៅថាជា «ការឈ្លានពាន»របស់តួកគី នៅតំបន់ព្រំដែនភាគខាងជើង ហើយមិនតែប៉ុណ្ណោះក៏បានស្នើឱ្យ កងទ័ពបរទេសខុសច្បាប់ទាំងអស់ ចាកចេញពីប្រទេសស៊ីរីផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងជំនួបជាមួយបេសកជនពិសេសរុស្ស៊ីទទួលបន្ទុកកិច្ចការស៊ីរី លោក Alexander Lavrentyev ក្នុងទីក្រុងដាម៉ាស់ នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក អាសាដ បានគូសបញ្ជាក់ដូច្នេះថា៖ «តួកគីត្រូវតែបញ្ឈប់ ការឈ្លានពានជាបន្ទាន់ ហើយកងទ័ពបរទេសដែលឈរជើងដោយខុសច្បាប់ ក្នុងនោះរួមមានទាំងកងទ័ពតួកគី និងអាមេរិក ត្រូវតែដកខ្លួនចេញពីទឹកដីស៊ីរី»

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក បាស្សា អាល់អាសាដ ធ្វើឡើងមួយថ្ងៃ ក្រោយសហរដ្ឋអាមេរិក និងតួកគីទទួលយកបទឈប់បាញ់រយៈពេល៥ថ្ងៃ នៅឯតំបន់ភាគខាងជើងប្រទេសស៊ីរី ដើម្បីទុកឱកាសឱ្យ កងកម្លាំងឃើដដកខ្លួនចេញពីតំបន់សុវត្ថិភាពដែលតួកគី គ្រោងនឹងបង្កើតសម្រាប់ជនភៀសខ្លួនស៊ីរី។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងអង់ការ៉ា ក៏បានព្រមានដែរថាប្រតិបត្តិការយោធានឹងត្រូវចាប់ផ្ដើមឡើងវិញភ្លាមៗ បើ កងកម្លាំងឃើដមិនព្រមដកចេញពីតំបន់សុវត្ថិភាពនេះ ទាំងស្រុងទេនោះ៕

Advertising