(ឡុងដ៍)៖ សមាជិកសភាអង់គ្លេស បានសម្រេចចិត្តផ្អាកការបោះឆ្នោតអនុម័តដ៏សំខាន់មួយលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ដើម្បីបង្ខំឱ្យលោកនាយករដ្ឋមន្ត្រី Boris Johnson ស្នើសុំពន្យារពេល Brexit ពីសហភាពអឺរ៉ុប។ ការសម្រេចចិត្តផ្អាកនេះធ្វើឡើងជាមួយ​ការបោះឆ្នោតគាំទ្រពន្យារពេលកិច្ចព្រមព្រៀង Brexit ផងដែរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំ នៅថ្ងៃសៅរ៍នេះ សភាអង់គ្លេសក៏បានបញ្ជាក់ដែរថា ពួកគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិនិត្យលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែលធ្លាប់ព្រមានថានឹងនាំអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបតាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ ទោះបីជាមានឬ មិនមានកិច្ចព្រមព្រៀងក៏ដោយ។

គួរបញ្ជាក់ថា សមាជិកសភាអង់គ្លេសភាគច្រើន បានជំរុញឱ្យលោក Boris Johnson ស្នើសុំពន្យារពេល Brexit ជាថ្មីម្ដងទៀតពីសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែ លោក Johnson បាន និយាយថាលោកនឹងដាក់សេចក្ដីព្រាងច្បាប់នៃកិច្ចព្រមព្រៀង Brexit ទៅកាន់សមាជិកសភានៅសប្ដាហ៍ ក្រោយ ក្នុងគោលបំណងបញ្ជៀសការពន្យារពេល៕

Advertising