(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទីបំផុតបានប្រកាសថា លោកនឹងពុំរៀបចំកិច្ចប្រជុំកំពូល G7 សម្រាប់​ឆ្នាំក្រោយ នៅឯរមណីយដ្ឋានវាយកូនហ្គោល Doral របស់លោកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The New York Times នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter ដូច្នេះ​«ពីដំបូងឡើយខ្ញុំគិតថា ខ្ញុំកំពុងតែធ្វើរឿងល្អម៉្យាងសម្រាប់ប្រទេសរបស់យើង តាមរយៈការប្រើប្រាស់ក្លឹបវាយកូនហ្គោល Trump National Doral ដែលស្ថិតក្នុងទីក្រុង Miami នៃរដ្ឋផ្លូរីដា ជាកន្លែងដើម្បីរៀបចំកិច្ចប្រជុំកំពូល G7 ឆ្នាំ២០២០។ ប៉ុន្តែជារឿងធម្មតា បណ្តាញ​សារព័ត៌មាន និងក្រុមមន្រ្តីបក្សប្រជាធិបតេយ្យបាននាំគ្នារិះគន់ខ្ញុំយ៉ាងកម្រោល»

លោក ត្រាំ ក៏បានសរសេរបន្តថា «ហេតុនេះហើយ ខ្ញុំបានសម្រេចចិត្តមិនជ្រើសរើសទីតាំងនេះ ជាកន្លែងសម្រាប់ទទួលរៀបចំកិច្ច​ប្រជុំ G7 នៅឆ្នាំក្រោយទៀតឡើយ ហើយពួកយើងនឹងចាប់ផ្តើមស្វែងរកទីតាំងថ្មីភ្លាមតែម្តង ដែលក្នុងនោះបន្ទាយ Camp David ក៏អាចស្ថិតក្រោមការពិចារណាផងដែរ»។ បន្ទាយ Camp David ដែលជាកន្លែងសម្រាកលំហែរបស់ប្រធានាធិបតីអាមេរិក ស្ថិតនៅ​ចម្ងាយប្រមាណជា១០០គីឡូម៉ែត្រភាគពាយ័ព្យរដ្ឋធានីវ៉ាស៊ីនតោន។

គួរជម្រាបថា គ្រាន់តែមានដំណឹងថា លោក ត្រាំ ចង់ប្រើប្រាស់ក្លឹបវាយកូនហ្គោល Trump National Doral ជាកន្លែងទទួលរៀបចំ​កិច្ចប្រជុំកំពូល G7 ដែលនឹងធ្វើឡើងពីថ្ងៃទី១០ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២០ សមាជិកសភាបក្សប្រជាធិបតេយ្យ និងអ្នករិះគន់​មួយចំនួន បានចោទប្រកាន់លោក ត្រាំ ថាកំពុងតែប្រព្រឹត្តអំពើពុករលួយ ដោយសារយកការសម្រេចចិត្តរបស់​រដ្ឋាភិបាលអាមេរិក ដើម្បីតែផលចំណេញសម្រាប់រម្មណីយដ្ឋានផ្ទាល់ខ្លួនរបស់លោក៕

Advertising