(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បាននិយាយថា កងទ័ពអាមេរិកជិត១,០០០ ដែលដកចេញពីភាគខាងជើងប្រទេសស៊ីរី នឹងត្រូវបានចល័តទៅកាន់ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន US News នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

លោក Esper បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កងទ័ពអាមេរិកទាំងជិត១,០០០នាក់ កំពុងបន្តដកចេញពីភាគខាងជើងស៊ីរី ដែល​ដំណើរការនេះអាចចំណាយពេលច្រើនសប្តាហ៍។ ពួកគេនឹងត្រូវផ្លាស់ទៅកាន់តំបន់ភាគខាងលិចអ៊ីរ៉ាក់ ដើម្បីជួយអ៊ីរ៉ាក់ការពារខ្លួន និងធ្វើបេសកកម្មសម្រាប់វាយបកទៅលើពួកគេភេរវករ ​ISIS។ បច្ចុប្បន្ន កងទ័ពអាមេរិកជាង៥,០០០នាក់ កំពុងមានវត្តមានស្រាប់​នៅក្នុងប្រទេសអ៊ីរ៉ាក់។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន ក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence តួកគីបានយល់ព្រមផ្អាកសកម្ម​ភាពប្រតិបត្តិការយោធារបស់ខ្លួន​រយៈពេល៥ថ្ងៃ នៅភាគខាងជើងស៊ីរី ដើម្បីទុកពេលឲ្យកងកម្លាំងឃើដដកថយចេញពីតំបន់ដែល​តួកគីចង់បង្កើតជាតំបន់សុវត្ថិភាព នៅក្បែរព្រំដែនតួកគី-ស៊ីរី។

ការចរចាបទឈប់បាញ់នេះ ក៏មានគោលដៅបន្ធូរបន្ថយវិបត្តិ ដែលបង្កើតឡើងដោយការសម្រេចចិត្តយ៉ាងតក់ក្រហល់របស់លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិកជិត១,០០០នាក់ ចេញពីភាគខាងជើងស៊ីរី។ ទង្វើនេះត្រូវបានគេរិះគន់ថា ប្រៀបដូចជាការ​បោះបង់ចោលក្រុមអ្នកប្រយុទ្ធឃើដ ដែលបានប្រកៀកស្មាកងទ័ពអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ​​ក្រុម ISIS ហើយវាក៏ដូចជាការបើកផ្លូវឲ្យតួកគីធ្វើប្រតិបត្តិការយោធា ដើម្បីកម្ចាត់កងកម្លាំងឃើដផងដែរ៕

Advertising