(ញូដេលី)៖ យោធាឥណ្ឌាបានចាប់ផ្តើមប្រើប្រាស់គ្រាប់កាំភ្លើងធំ ដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយ និងប្រើប្រព័ន្ធផ្កាយរណប​ដើម្បីនាំផ្លូវទៅកាន់គោលដៅនោះ នៅឯតំបន់ជម្លោះកាស្មៀរចំពោះមុខភាពតានតឹងជាមួយប៉ាគីស្ថាន។ នេះបើតាមការដកស្រង់​ការ​ផ្សាយចេញពីសារព័ត៌មាន ​Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

ប្រភេទគ្រាប់ការភ្លើងធំខាងលើ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងកងអង្គភាពយោធាឥណ្ឌា ដែលល្បាតការពារខ្សែបន្ទាត់​ព្រំដែន Line of Control ដែលខណ្ឌចែករវាងតំបន់កាស្មៀររបស់ឥណ្ឌា និងតំបន់កាស្មៀររបស់ប៉ាគីស្ថាន។ ដំណឹងស្តីពីការចាប់ផ្តើមប្រើប្រាស់​​គ្រាប់កាំភ្លើងធំ M982 Excalibur ដែលជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Raytheon Missile System ត្រូវបានចែករំលែកឲ្យដឹង​ក្នុងចំណោមមេបញ្ជាការយោធាឥណ្ឌា កំឡុងកិច្ចប្រជុំកម្រិតខ្ពស់មួយ នៅឯទីក្រុងញូដេលី។

គួរជម្រាបថា ឥណ្ឌាបានសម្រេចបញ្ជាទិញគ្រាប់កាំភ្លើងធំដ៏ទំនើបនេះ ក្រោយពីភាពតានតឹងនៅតំបន់កាស្មៀរបានកើនឡើងកម្តៅ​​​កាន់តែខ្លាំងកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាមួយប៉ាគីស្ថាន រហូតមានការប្រយុទ្ធគ្នាលើផ្ទៃអាកាស និងការផ្លោងគ្រាប់ឆ្លងព្រំដែន​ដាក់គ្នាជាបន្តបន្ទាប់។ គ្រាប់កាំភ្លើងធំ M982 Excalibur ប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប GPS ដើម្បីនាំផ្លូវពួកវាឲ្យវាយប្រហារចំ​​លើគោលដៅ ប្រកបដោយប្រសិទ្ធភាព។ គ្រាប់កាំភ្លើងធំនេះ អាចហោះបានចម្ងាយ៥៧គីឡូម៉ែត្រ និងប្រើប្រាស់ក្នុងកាំភ្លើងធំ​ធុន M-777 Howitzer និង K-9 Howitzer ដែលឥណ្ឌាទិញពីប្រទេសដទៃ៕

Advertising