(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ទីបំផុត បានសម្រេចស្នើសុំសហភាពអឺរ៉ុបពន្យារពេលនៃការធ្វើ Brexit (ដកចក្រភពអង់គ្លេសពី ​​EU) ពីចុងខែនេះ ទៅចុងខែមករា ឆ្នាំក្រោយវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk លោក Johnson បានសរសេរថា ចក្រភព​អង់គ្លេសចង់ស្នើសុំពន្យារពេលបន្ថែមទៀតនៃការដកខ្លួនចេញពី EU គឺសុំលើកពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ទៅដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០វិញ។ យោងតាមបទបញ្ញត្តិបច្ចុប្បន្ន ការសម្រេចចិត្តផ្តល់ការពន្យារពេលធ្វើ Brexit គឺធ្វើឡើងដោយមេដឹកនាំ​នៃបណ្តាប្រទេសជាសមាជិក ​EU ចំនួន២៧ទៀត។ បើតាមលោក Tusk ការពិគ្រោះយោបល់ជុំវិញបញ្ហានេះ អាច​ចំណាយពេល​ប៉ុន្មានថ្ងៃ។

គួរជម្រាបថា សមាជិកសភាអង់គ្លេសភាគច្រើន បានជំរុញឲ្យលោក Boris Johnson ស្នើសុំពន្យារពេល Brexit ជាថ្មីម្តងទៀតពី​សហភាពអឺរ៉ុប ទៅដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០វិញ ខណៈរូបលោកបន្ទាប់ពីឡើងកាន់តំណែងជំនួសអតីតនាយករដ្ឋមន្រ្តី​ លោកស្រី Theresa May ធ្លាប់បានប្តេជ្ញាថានឹងនាំចក្រភពអង់គ្លេសចាកចេញពី EU តាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលានេះ ទោះបីជាមានឬមិនមានកិច្ចព្រមព្រៀងជាមួយ EU ក៏ដោយ។ ដោយឡែក កាលបរិច្ឆេទដើមដំបូងគេនៃការធ្វើ Brexit គឺថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខណៈការធ្វើប្រជាមតិបានប្រព្រឹត្តទៅតាំងតែពីឆ្នាំ២០១៦៕

Advertising