(វ៉ាស៊ីនតោន)៖ ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Jim Bridenstine បាននិយាយថា មនុស្សដំបូងបំផុតដែលនឹង​ទៅ​ជាន់លើដីរបស់ភពអង្គារ (Mars) ប្រហែលជាមនុស្សស្រី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នា​រសៀលថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

លោក Bridenstine បានលើកឡើងដូចខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីប៉ុន្មានថ្ងៃមុន ស្តីពីការធ្វើបេសកកម្មរបៀប Spacewalk (ចេញបណ្តែតខ្លួនក្នុងទីអវកាស) ដែលប្រព្រឹត្តទៅដោយអវកាសយានិកអាមេរិកពីររូប ដែលជាស្រ្តីទាំងពីរនាក់តែម្តង ខណៈបេសកកម្មប្រភេទនេះ ធ្លាប់តែធ្វើឡើងដោយក្រុមអវកាសយានិកជាប្រុសទាំងអស់ ឬក៏មានស្រីនិងប្រុស ពោលវាគឺជាលើក​ដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យអវកាស។

គួរជម្រាបថា សព្វថ្ងៃអង្គការ NASA មិនមានផែនការរឹងមាំជាក់លាក់ សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពអង្គារនោះទេ ខណៈ​ព្រះច័ន្ទកំពុងជាអាទិភាពចម្បង ប៉ុន្តែលោក Jim Bridenstine ធ្លាប់បានប្រាប់ថា បេសកកម្មបញ្ជូនក្រុមអវកាសយានិកទៅចុះលើ​ភពអង្គារ អាចកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០។

ដោយឡែក សម្រាប់បេសកកម្មបញ្ជូនក្រុមអវកាសយានិកឲ្យទៅជាន់ដីព្រះច័ន្ទសាជាថ្មី នៅឆ្នាំ២០២៤ ក្នុងនោះក៏នឹង​ស្រ្តីម្នាក់ ដែលនឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តក្លាយជាមនុស្សស្រីដំបូងគេ ដែលបានទៅដល់លើផ្ទៃព្រះច័ន្ទផងដែរ។ បេសកកម្ម​នេះ ព្រមទាំងគម្រោងសាងសង់ស្ថានីយអវកាសនៅក្បែរគន្លងព្រះច័ន្ទ គឺជាផ្នែកនៃកម្មវិធីឈ្មោះថា Artemis របស់អង្គការ NASA ដែលមានគោលដៅបង្កើតនិងរក្សាវត្តមានរបស់មនុស្សលោកយើងជាអចិន្រ្តៃយ៍នៃ នៅលើផ្ទៃក៏ដូចជាក្បែរព្រះច័ន្ទ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់​​​គម្រោងបេសកកម្មជាបន្តបន្ទាប់ទៀតឆ្ពោះទៅកាន់ភពអង្គារ៕

Advertising