(ប៉េកាំង)៖ រដ្ឋមន្រ្តីការពារជាតិចិននាថ្ងៃចន្ទនេះបាននិយាយថា ការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាគោលដៅដ៏ធំបំផុតរបស់ចិន ហើយពុំមានកម្លាំងខាងក្រៅណា អាចមករារាំងការបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសបើកវេទិកាសន្តិសុខអន្តរជាតិមួយនៅឯទីក្រុងប៉េកាំង រដ្ឋមន្រ្តីការពារជាតិចិនលោក វៃ ហ្វេងហេ (Wei Fenghe) បានសង្កត់ធ្ងន់ទៀតថា សកម្មភាពប៉ុនប៉ងចង់បំបែករដ្ឋទាំងឡាយ គឺគ្មានថ្ងៃទទួលបានជោគជ័យនោះទេ។ កំឡុងវេទិកានេះកាលពីឆ្នាំមុន លោក Wei ធ្លាប់បានព្រមានថា យោធាចិននឹងចាត់វិធានការទោះក្នុងតម្លៃណាក៏ដោយ ដើម្បីទប់ស្កាត់ការព្យាយាមកាត់ផ្តាច់តៃវ៉ាន់ចេញពីចិន។ ប្រទេសភាគច្រើននៅជុំវិញពិភពលោក ព្រមទាំងចិនផ្ទាល់ គឺចាត់ទុកកោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ បើទោះបីជាតៃវ៉ាន់មានរដ្ឋាភិបាលដាច់ដោយឡែកក៏ដោយ។

គួរជម្រាបថា សម្រាប់វេទិកា សៀងសាន (Xianghsan) វិញ គឺជាវេទិកាសន្តិសុខអន្តរជាតិស្រដៀងគ្នា ទៅនឹងវេទិកាសន្តិសុខប្រចាំឆ្នាំ សាងគ្រីឡា (Shangri-La) ដែលរៀបចំឡើងនៅសិង្ហបុរី។ ក្នុងឆ្នាំនេះវេទិកា Xianghsan ត្រូវបានចាប់ផ្តើមបើកក្រោមប្រធានបទ «រក្សាការពារសណ្តាប់ធ្នាប់អន្តរជាតិ និងលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ជាមួយការចូលរួមពីសំណាក់ថ្នាក់ដឹក នាំវិស័យការពារជាតិ និងកិច្ចការបរទេសមកពីបណ្តាប្រទេសជាច្រើន។ វេទិកានេះនឹងបិទបញ្ចប់ទៅវិញនៅថ្ងៃអង្គារសប្តាហ៍នេះ៕

Advertising