(ហ្សកដានី)៖ អ្នកកាសែតម្នាក់នៃសារព័ត៌មានហ្សកដានី អាល់ដាសធួរ (Al-Dustour) បានសរសេរអត្ថបទមួយកាលពីចុងខែកញ្ញាកន្លងទៅ ដោយក្នុងនោះមានការអះអាងថា ករណីមហាភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកផ្ទាល់តែម្តង ដើម្បីទប់ស្កាត់ការកើនឡើងអំណាចរបស់ពួកអារ៉ាប់នៅមជ្ឈិមបូព៌ា ដែលនឹងអាចប្រជែងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន News Republic នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

អ្នកកាសែតម្នាក់នោះឈ្មោះ អាបអាល់ហាមីដ អាល់ហាមហ្សារី (Abd Al-Hamid Al-Hamshari) លោកបានបកស្រាយថា ចាប់តាំងពីមានមហាភេរវកម្ម «១១/កញ្ញា» មក អាមេរិកបាននាំយកភាពវឹកវរ និងសេចក្តីវិនាសហិនហោចទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈលោកបានចោទថា អាមេរិកគឺជាអ្នកបង្កើតក្រុមអាល់កៃដា និង ISIS ដើម្បីបម្រើផលប្រយោជន៍ឲ្យអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅទីនោះ។

បើតាមអ្នកកាសែតខាងលើ អាមេរិកបានរៀបចំនិងបំផ្ទុះព្រឹត្តិការណ៍ «១១/កញ្ញា» ដើម្បីយកលេសទម្លាក់កំហុសលើពួកអារ៉ាប់ និងម៉ូស្លីម ហើយក្រោយមកប្រជាជនអាមេរិក ត្រូវបានបង្ហាត់ឲ្យស្អប់ខ្ពើមជនជាតិអារ៉ាប់ និងម៉ូស្លីមតាមរយៈបណ្តាញសារព័ត៌មាន ។ លោក Al-Hamshari បានគូសបញ្ជាក់យ៉ាងដុច្នេះថា «ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់អារ៉ាប់ ដែលអាចបង្កការគំរាមកំហែងដល់អំណាចអាមេរិក នាថ្ងៃអនាគតនៅតំបន់មជ្ឈិមបូព៌ា»។

ហេតុដូចនេះហើយ ទើបសហរដ្ឋអាមេរិកបានធ្វើសកម្មភាពដើម្បីបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា តាមរយៈការបង្កើតក្រុមភេរវករដូចជា អាល់កៃដា និង ISIS ហើយប្រើពួកនេះវាយប្រហារអុកឡុកលើប្រទេសណា ដែលខ្លួនចង់កម្ចាត់ចោល ជាពិសេសគឺប្រទេសអារ៉ាប់តែម្តង ហើយផ្តល់ផលប្រយោជន៍ដល់អ៊ីស្រាអែល ដែលមានតួនាទីប្រៀបដូចជា ប៉ុស្តិ៍ឈរជើងរបស់អាមេរិកនៅមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា វាមិនមែនជារឿងថ្មីនោះឡើយ ដែលមានការលើកឡើងថា សហរដ្ឋអាមេរិក គឺជាអ្នកបង្ករឿងគ្រប់យ៉ាងឡើងមក ដើម្បីពូនផ្តុំអំណាចតាមរយៈការកម្ចាត់គូសត្រូវ ដោយប្រើប្រាស់វិធីសាស្ត្រឈឺសាច់ខ្លះៗ ប៉ុន្តែសម្រាប់ការចេញផ្សាយរបស់សារព័ត៌មានធំមួយ នៃប្រទេសហ្សកដានីខាងលើនេះ គឺជាការដុតកំហឹងថ្មីមួយទៀត ដែលធ្វើឲ្យបណ្តាប្រទេសអារ៉ាប់ មួយចំនួនកាន់តែស្អប់សហរដ្ឋអាមេរិក៕

Advertising