(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) នាថ្ងៃចន្ទនេះបាននិយាយថា ប្រទេសម៉ាឡេស៊ីអាចនឹងទទួលរងទណ្ឌកម្មផ្នែកពាណិជ្ជកម្ម នៅចំពោះមុខការកើនឡើងនៃគំនិតគាំពារនិយម ដែលរំលេចដោយសង្រ្គាម ពាណិជ្ជកម្មរវាងចិន និងអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

យ៉ាងណាមិញ លោក Mahathir មិនបានលើកឡើងចំៗពីប្រភពនៃទណ្ឌកម្មឡើយ តែលោកបានសម្តែងការខកចិត្តជាខ្លាំង ចំពោះប្រទេសដែលធ្លាប់តែគាំទ្រគំនិត នៃការធ្វើពាណិជ្ជកម្មដោយសេរី តែបែរជាឥឡូវប្រកាន់យកនូវការធ្វើពាណិជ្ជកម្មលក្ខណៈតឹងរ៉ឹង ហើយនៅក្នុងទ្រង់ទ្រាយធំថែមទៀត។

លោក Mahathir បាននិយាយដូច្នេះថា «ដោយហេតុតែសំណាងមិនល្អ គឺយើងត្រូវស្ថិតនៅចំកណ្តាល (សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក)។ បើនិយាយពីសេដ្ឋកិច្ច គឺយើងមានចំណងទាក់ទងជាមួយទីផ្សារនៃប្រទេសទាំងពីរ ហើយបើតាមហេតុផលទីតាំងភូមិសាស្រ្តវិញ ក៏យើងស្ថិតនៅចន្លោះប្រទេសទាំងពីរដែរ។ មិនតែប៉ុណ្ណោះប្រទេសយើង ក៏ប្រហែលនឹងអាចជាគោលដៅនៃទណ្ឌកម្មថែមទៀតផង»។

គួរជម្រាបថា ចន្លោះខែមករា និងខែសីហា ឆ្នាំ២០១៩ សហរដ្ឋអាមេរិក និងប្រទេសចិន ស្ថិតក្នុងចំណោមគោលដៅនាំចេញធំៗទាំងបីរបស់ម៉ាឡេស៊ី ដែលជាប្រទេសពឹងផ្អែកខ្លាំងលើ វិស័យនាំចេញផលិតផល ខណៈសិង្ហបុរីជាគោលដៅលេខមួយ។ ដើម្បីកាត់បន្ថយ ឥទ្ធិពលនៃជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក លោក Mahathir បានពន្យល់ថា ម៉ាឡេស៊ីនឹងប្រឹងប្រែងរួមសហការ ជាមួយបណ្តាប្រទេសដែលស្ថិតក្នុងតំបន់ជាមួយគ្នា៕

 

 

Advertising