(ប៉េកាំង)៖ សហរដ្ឋអាមេរិកសង្ឃឹមថាទីក្រុងប៉េកាំងនឹងបន្ធូរបន្ថយការរឹតត្បិតលើការរៀបជំនួបពិភាក្សា រវាងក្រុមមន្រ្តីកិច្ចការទូតអាមេរិក និង ក្រុមមន្រ្តីចិននៅក្នុងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងប្រទេសចិន មន្រ្តីកិច្ចការទូតអាមេរិកត្រូវដាក់ពាក្យស្នើសុំជាច្រើនដំណាក់កាលពីរដ្ឋាភិបាលចិន ដើម្បីអាចជួបប្រជុំ ជាមួយ មន្រ្តីឬក៏បញ្ញាវ័ន្តចិន ហើយភាគច្រើនសំណើទាំងនោះត្រូវបានបដិសេធថែមទៀត។ កាលពីសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បាន ប្រកាសអំពីចំណាត់ការមួយ ដែលតម្រូវឲ្យក្រុមមន្រ្តីកិច្ចការទូតចិនជូនដំណឹងដល់ក្រសួងការបរទេសអាមេរិក មុនពេលជួបប្រជុំ ជាមួយមន្រ្តីអាមេរិក នៅសហរដ្ឋអាមេរិក។

នាថ្ងៃចន្ទនេះ បើតាមសម្តីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក Terry Branstad ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា លទ្ធផល នៃ ចំណាត់ការខាងលើ នឹងអាចឲ្យចិនពិចារណាបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួន សម្រាប់ក្រុមមន្រ្តីកិច្ចការទូតនៅក្នុងប្រទេសចិន ។ លោក Branstad បានគូសបញ្ជាក់ថា ចំណាត់ការនេះគ្រាន់តែជាជំហានតូចមួយប៉ុណ្ណោះ ដ្បិតទីក្រុងវ៉ាស៊ីនតោនគ្រាន់តែតម្រូវ ឲ្យមន្រ្តីកិច្ចការទូតចិនផ្តល់ដំណឹងជាមុនដល់រដ្ឋាភិបាលអាមេរិកអំពីជំនួបប្រជុំរបស់ពួកគេ ខណៈក្រុមមន្រ្តីកិច្ចការទូតអាមេរិក នៅ ចិនវិញ ត្រូវបានដាក់ពាក្យស្នើសុំផ្លូវការជាច្រើនដំណាក់កាល៕

Advertising