(ប៊ែលក្រាត, ស៊ែប៊ី)៖ អនុប្រធានទី២ រដ្ឋសភាកម្ពុជា លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីសារៈសំខាន់ នៃការគោរពច្បាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ និងជំរុញការពង្រឹងប្រព័ន្ធពហុភាគី ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ សម្រាប់រដ្ឋទាំងអស់ដោយមិនគិតពីទំហំទ្រព្យសម្បត្តិ និងកម្លាំងរបស់រដ្ឋនីមួយៗ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស នៃការថ្លែងសុន្ទរកថារបស់លោកស្រី ទៅកាន់អ្នកចូលរួមមានគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ក្នុងនោះមានប្រធានសភា អនុប្រធាន តំណាងរាស្រ្តជាស្រ្តី និងវ័យក្មេង ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៉ីវិលសំខាន់ៗ នាអង្គមហាសន្និបាត លើកទី១៤១ របស់សហភាពអន្តរសភា IPU នៅសាធារណរដ្ឋស៊ែប៊ី នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

លោកស្រីបានគូសបញ្ជាក់ថា ប្រទេសនីមួយៗមាននូវប្រពៃណី ផលប្រយោជន៍សន្តិសុខ និងបំណងប្រាថ្នារបស់គេផ្ទាល់ខ្លួន។ ដោយឡែក ចំពោះប្រទេសកម្ពុជា បើទោះបីជារដ្ឋតូចមួយក៏ដោយ ក៏កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវតម្លៃ និងគោលការណ៍អន្តរជាតិ ហើយបានប្តេជ្ញាចិត្ត និងធ្វើការងារយ៉ាងសកម្មក្នុងការជម្រុញនូវប្រព័ន្ធពហុភាគី ដែលមានភាពបើកចំហរ បរិយាប័ន្ន មានប្រសិទ្ធិភាព និងដោយផ្អែកលើវិធានច្បាប់។

មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) នាពេលនេះ មានការចូលរួមពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង១៧០០នាក់ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា ៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត ៧០០នាក់ ជាស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៉ីវិល មកពីបណ្តាប្រទេសពាសពេញពិភពលោកជាច្រើនទៀត។

ក្នុងសុន្ទរកថា លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា មូលបទនៃមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភានាឆ្នាំនេះ គឺទាន់ពេលវេលា និងសមស្របសម្រាប់ហេតុផលជាក់ស្តែង ដែលសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់កំពុងរងការវាយប្រហារនាពេលបច្ចុប្បន្ន ដោយសារតែការកើនឡើងនូវឯកតោភាគីនិយម, គាំពារនិយម និងនយោបាយ និងការប្រជែងគ្នានៃមហាអំណាច។ ជាការពិត បញ្ហាប្រឈមពិភពលោក ដែលមិនធា្លប់មានពីមុនមកនេះ កំពុងតែគំរាមកំហែងធ្វើការរុះរើនូវមូលដ្ឋានគ្រឹះ នៃប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយបំពានលើធម្មនុញ្ញរបស់ អ.ស.ប ដែលពិភពលោកបានខិតខំកសាងឡើងយ៉ាងលំបាក និងបានអនុវត្តរយៈពេល ៧០ឆ្នាំ កន្លងមកនេះ។

លោកស្រី បានជម្រាបជូនអង្គមហាសន្និបាត ដោយបានសង្កត់ធ្ងន់ថា «ការពង្រឹងច្បាប់អន្តរជាតិចាប់ផ្តើមពីផ្ទះ!»។ ជាក់ស្តែង នៅកម្រិតថ្នាក់ជាតិ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ និងច្បាស់លាស់ ដើម្បីពង្រឹងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យធន់មាំ។

លោកស្រីថ្លែងថា ជាការពិត នៅក្នុងការបោះឆ្នោតជាតិចុងក្រោយ នៅខែកក្កដាឆ្នាំ ២០១៨ មានគណបក្សនយោបាយចំនួន ២០ផ្សេងគ្នា បានចូលរួមប្រកួតប្រជែង សម្រាប់អាសនៈនៅក្នុងរដ្ឋសភា។ ដូចនេះកម្ពុជាពិតជាមានមោទនភាព ចំពោះការរីកលូតលាស់នៃដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលប្រកបដោយស្ថិរភាព។ លោកស្រីមានជំនឿយ៉ាងមុតមាំថា សនិ្តភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងនីតិរដ្ឋ មានទំនាក់ទំនងតភ្ជាប់គ្នាយ៉ាងជិតសិ្នទ្ធ ហើយគ្មាននោះទេ សន្តិភាព និងសន្តិសុខយូរអង្វែង បើគ្មានច្បាប់អន្តរជាតិ។

លោកស្រី បានចែករំលែកពីសន្តិភាពដែលកម្ពុជា កំពុងទទួលបានដ៏ត្រចះត្រចង់នាពេលបច្ចុប្បន្ននេះ គឺដោយសារកម្ពុជាឱ្យតម្លៃទៅលើសន្តិភាព ស្ថិរភាពពេញលេញ ព្រមជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងតំបន់ និងអន្តរជាតិ ដែលជាកត្តាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ និងបន្តផ្តល់ឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចថេរ ៧% ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះ។

លោកស្រី ក៏បានសម្តែងនូវការព្រួយបារម្ភផងដែរ ចំពោះសន្តិភាព ស្ថិរភាព ដែលកម្ពុជារកបានដោយលំបាកមកទល់ពេលនេះ ហាក់បីដូចជារនៅតែផុយស្រួយ និងងាយរងគ្រោះ ដោយសារតែជួបប្រទះនឹងបញ្ហាប្រឈមដែលមានឬសគល់ ពីការកើនឡើងនៃនយោបាយជ្រុលនិយម និងអ្នកនយោបាយប្រជាភិថុត ក៏ដូចជាការជ្រាតចូលពីប្រទេសមហាអំណាច រួមមានប្រទេសលោកខាងលិចមួយចំនួន ទៅក្នុងកិច្ចផ្ទៃក្នុងរបស់កម្ពុជា។

លោកស្រី បានគូសបញ្ជាក់ថា «បើទោះបីជាប្រទេសរបស់យើង កំពុងរងសម្ពាធពីការគំរាមកំហែង ដែលត្រូវបានដាក់ទណ្ឌកម្មតាមរយៈការប្រើប្រាស់លេស នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅ តែប្រកាន់ជំហររួមជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់»។

លោកស្រី បានលើកឡើងបន្ថែមអំពីតួនាទីដ៏សំខាន់របស់អ្នកតំណាងរាស្រ្ត ក្នុងការផ្សារភ្ជាប់ប្រជាជនរវាងប្រជាជន ជាមួយអ្នកបង្កើតគោលនយោបាយ ជាពិសេសទាក់ទងនឹងការបង្កើតគោលនយោបាយការបរទេស និងការឆ្លើយតបជាយុទ្ធសាស្ត្រ ចំពោះការផ្លាស់ប្តូរខាងក្រៅ។

ជាមួយនឹងការលើកឡើងនេះ លោកស្រី បានជម្រាបជូនអង្គមហាសន្និបាតអំពីការចូលរួមរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់បទដ្ឋាន និងគោលការណ៍នៃសណ្តាប់ធា្នប់អន្តរជាតិដោយផ្អែកលើច្បាប់ ដោយសភាកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងវេទិកាជាច្រើនទាំងថ្នាក់តំបន់ និងអន្តរជាតិ។

លោកស្រី បានបន្ថែមថា ឆ្នាំ២០២០ខាងមុខ កម្ពុជានឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក្នុងគោលបំណងពង្រឹងពហុភាគីនិយម និងភាពជាដៃគូរសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនរួមគ្នា។ កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេសមួយ ដែលបត់បែន និងប្រាកដប្រជា ក្រោមទិសស្លោក «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យភាព» ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន។

សូមជម្រាបដែរថា សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋអធិបតេយ្យចំនួន១៧៩។ សភាកម្ពុជាចូលជាសមាជិក IPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

IPU ជាអង្គការនយោបាយពហុភាគីដំបូងគេនៅលើពិភពលោក ដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រជាជាតិទាំងអស់។ IPU បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពីសមាជិកសភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ។ ពីរដងក្នុងមួយឆ្នាំ IPU កោះប្រជុំប្រតិភូសភានិងដៃគូជាង ១.៥០០នាក់ នៅក្នុងសន្និបាតពិភពលោក ដោយនាំមកនូវវិមាត្រសភាដល់អភិបាលកិច្ចពិភពលោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

Advertising