(ព្រះសីហនុ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីអំពើចោរកម្ម ដោយបានប្រើឧបករណ៍ស្វ័យប្រវត្តិទំនើប លួចយកទ្រព្យរបស់ប្រជាពលរដ្ឋជាច្រើនករណីកន្លងមកនេះ។

បើតាមលោក កុល ផាលី ស្នងការរងរទទួលផែនព្រហ្មនទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា កម្លាំងល្បាតផែននគរបាលព្រហ្មទណ្ឌ បានប្រទះឃើញជនសង្ស័យ ជាជនជាតិចិន ២នាក់ កំពុងធ្វើសកម្មភាពកាច់បំបែកសោ-កម៉ូតូ ឃើញដូចនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងធ្វើការត្រួតពិនិត្យឃើញមានឧបករណ៍សម្រាប់កាច់សោ-ក ម៉ូតូមួយចំនួន បន្ទាប់មកសមត្ថកិច្ច បានឃាត់ខ្លួនយកមកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យរួច សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ចាប់បានបក្ខពួកជនសង្ស័យចំនួន ២នាក់បន្ថែមទៀត។

ជនសង្ស័យចំនួន ៤នាក់ រួមមានទី១៖ ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ លិខិតឆ្លងដែនៈ (គ្មាន), ទី២៖ ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ លិខិតឆ្លងដែនៈ (គ្មាន), ទី៣៖ ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន) និងទី៤៖ ឈ្មោះ Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ លិខិតឆ្លងដែនៈ (គ្មាន) ជនសង្ស័យទាំង៤នាក់ ខាងលើស្នាក់នៅ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖ ឧបករណ៍សម្រាប់ចម្លងសោរ, ឧបករណ៍សម្រាប់ឆ្កឹះសោរ, សក់ក្លែងក្លាយចំនួន២ (សម្រាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ស្រោមមុខខ្មៅ ឃើញតែរង្វង់ភ្នែកចំនួន៤ (សម្រាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ដំបងដែករលាស់ចំនួន២ដើម, មួកចំនួន៣, ពិលឆក់ចំនួន១, វិទ្យុទាក់ទងចំនួន១, ម៉ាស៊ីនឆូតលុយ ចំនួន១, លិខិតឆ្លងដែន ចំនួន០២ច្បាប់, ផ្លែកាច់សោ-កម៉ូតូ ចំនួន១៤ ផ្លែ, ដងសម្រាប់កាច់បំបែកសោរក ម៉ូតូលេខ៨ ចំនួន ២ដើម, ដែកកាច់បំបែកសោ Solex ២ដើម, ឧបករណ៍សម្រាប់បើក Lock សន្ទះសោរម៉ូតូ១, ម៉ាស់ ចំនួន១០, សោរម៉ូតូចំនួន ៣, សោរអក្សរ T ចំនួន ២, ឧបករណ៍សម្រាប់បំបែកកញ្ចក់រថយន្ត ចំនួន១, ឧបករណ៍សម្រាប់ផ្តាច់ប្រព័ន្ធ Lock រថយន្ត ចំនួន១, ឧបករណ៍សម្រាប់កាច់បំបែកសោរទូរដែក ចំនួន១, ឧបករណ៍សម្រាប់ឆ្កឹះសោរទា្វររថយន្ត, ទ្វារផ្ទះ, សោរម៉ូតូ, សោរផ្ទះ មួយចំនួនធំ និងម៉ូតូម៉ាក Air Blade ចំនួន៦គ្រឿង។

សូមបញ្ជាក់ផងដែរ តាមចម្លើយសារភាព ជនសង្ស័យជនជាតិចិន ទាំង៤នាក់ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យជនជាតិចិន៤នាក់ មានជនសង្ស័យជនជាតិចិន២នាក់ គឺ៖ ឈ្មោះ Zhou Wen និងឈ្មោះ Tan Bei ដែលបានប្រព្រឹត្តបទល្មើស វាយប្លន់ជន រងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១៖០០នាទី នៅតាមផ្លូវជិតអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ សម្ភារបាត់បង់៖ ប្រាក់១,៧០០$, ទូរស័ព្ទ ១គ្រឿងម៉ាក i-Phone។

លោក កុល ផាលី បានបញ្ជាក់ថា ករណីទាំង ២ខាងលើនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងមួយចំនួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕

Advertising