(ភ្នំពេញ)៖ លោកឧកញ៉ា គួច ម៉េងលី អ្នកជំនាញក្នុងវិស័យអប់រំមួយរូបរបស់កម្ពុជា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះឪពុកម្តាយ និងអាណាព្យាបាលសិស្សមួយចំនួន ដែលបានបញ្ជូនកូនតូចៗ ទៅរៀនភាសាបរទេសដំណាលគ្នា ឬមុននឹងចាប់ផ្តើមរៀនជាភាសាខ្មែរ ដែលជាភាសាជាតិរបស់ខ្លួន។

លោក គួច ម៉េងលី បានមើលឃើញថា ការយកភាសាទី២ ជាភាសាគោល ហើយមិនឲ្យតម្លៃភាសាខ្មែរខ្លួនឯងបែបនេះ វាគឺជាចំណុចមួយខ្វះខាត ហើយអន់បំផុត ហើយវាគឺជាសកម្មភាពមួយ នៃការបង្ហាញភាពមិនឲ្យតម្លៃពូជសាសន៍ មិនឲ្យតម្លៃភាសា និងមិនឲ្យតម្លៃប្រទេសជាតិខ្លួនឯង។

ទន្ទឹមនឹងសម្តែងការព្រួយបារម្ភ អ្នកជំនាញរូបនេះ ក៏បានរិះគន់ខ្លាំងៗផងដែរ ដល់គំនិតកូនខ្មែរមួយចំនួន ដែលគិតតែខិតខំរៀនភាសាបរទេសយ៉ាងច្រើនភាសាខ្មែរ ស្របពេលខ្លួនគេផ្ទាល់ សរសេរអក្សរខ្មែរមិនត្រឹមត្រូវទាល់តែសោះ។

ក្តីបារម្ភរបស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងរូបនេះ បង្ហាញឡើងនៅចំពោះមុខ អ្នកសារព័ត៌មាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ឪពុកម្តាយ និងអាណាព្យាបាលសិស្សជាច្រើនរូប ក្នុងឱកាសលោកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាឯកជនរបស់ខ្លួន សាខាជ្រោយចង្វារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

លោកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចនៅលើពិភពលោកអញ្ចឹង គេមានភាសាទី២ ដែលឲ្យយើងជ្រើសរើស។ យើងអាចយកភាសាទី២ ជាភាសាអង់គ្លេស ភាសាចិន ភាសាបារាំង ភាសាកូរ៉េ។ បើយើងរៀនចំណេះដឹងទូទៅ ជាភាសាដើមរបស់យើង ហើយយើងទៅរៀនភាសាទី២ គឺអត់ខាតបង់អីទេ គឺចេះច្បាស់លាស់ ហើយចេះលឿនទៀត ហើយចេះក្បោះក្បាយទៀត។ ប៉ុន្តែបើយើងចាប់ចូលរៀនដំបូង យើងយកភាសាទី២ជាគោល ហើយមិនឲ្យតម្លៃភាសាខ្មែរខ្លួនឯង នេះជាចំណុចមួយខ្វះខាត ហើយអន់បំផុត ដែលយើងមិនឲ្យតម្លៃពូជសាសន៍ មិនឲ្យតម្លៃភាសា មិនឲ្យតម្លៃប្រទេសជាតិខ្លួនឯង។ នេះជាគំនិតគិតខុសឆ្គងបំផុត ដែលលោកឪពុកអ្នកម្តាយ គិតអត់ដល់»

លោកបានក្រៀនរំលឹកទៀតថា ឪពុកម្តាយភាគច្រើនគាត់យល់ច្រឡំ ឲ្យតែរៀនសាលាឯកជន ឬសាលាអន្តរជាតិ គឺឲ្យកូនគាត់រៀនភាសាអង់គ្លេសមុន។ នេះគឺជាការគិតខុសធំបំផុត ពីព្រោះការរៀនភាសា ការរៀនចំណេះទូទៅ គឺសំខាន់ណាស់ ដែលរៀនជាភាសាខ្មែរ ហើយការរៀនសាលាឯកជន បើយកកូនទៅដាក់ឲ្យរៀន នៅតាមសាលាអន្តរជាតិវិញនោះ គឺកូនគេនឹងចេះភាសាអង់គ្លេសមុនហើយ ពីព្រោះគេផ្តោតទៅលើភាសាអង់គ្លេស។ ទោះបីជាយ៉ាងណា ប្រទេសកម្ពុជាអត់ត្រូវការអ្នកចេះអង់គ្លេសមុនទេ គឺត្រូវការធនធានមនុស្ស ដែលចេះភាសាខ្មែរ និងចំណេះទូទៅខ្មែរ។

លោកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់បន្តថា «ហេតុដូច្នេះហើយខ្ញុំសំណូមពរ និងអំពាវនាវថា សូមកុំឲ្យយល់ច្រឡំ។ មិនមែនខ្ញុំមិនឲ្យរៀនភាសាអង់គ្លេសទេ ខ្ញុំគ្រាន់តែអំពាវនាវថា ឲ្យកូនខ្មែរយើងចេះភាសាខ្មែរឲ្យក្បោះក្បាយ ឲ្យច្បាស់លាស់ ឲ្យចេះអានចេះសរសេរ ហើយពេលហ្នឹងកូនអាយុត្រឹម៣ ទៅ៤ឆ្នាំ រៀនថ្នាក់ទី៣ ឬទី៤ យើងអាចឲ្យក្មេងទៅរៀនភាសាទី២ គេហៅសាលាទី២ ដែលអង់គ្លេសគេហៅថា ESL (English as a Second Language) ឬ FSL (French as a Second Language)។ នេះក្បួនគេរៀន នៅស្រុកណាក៏ដូចស្រុកណាដែរ»

លោកក៏បានណែនាំផងដែរថា បុគ្គលគ្រប់រូបដែលនៅប្រទេសខ្មែរ មិនគួររៀនយកភាសាគេជាគោលមុនទេ។ ទង្វើបែបនេះ វានឹងក្លាយជារីកធំទៅៗ ធ្វើឲ្យប្រទេសនោះ គ្មានអ្នកចេះភាសាជាតិពិតប្រាកដ។ ប្រសិនបើបាត់បង់អក្សរសាស្ត្រហើយនោះ ជាតិសាសន៍ក៏អាចនឹងបាត់បង់ផងដែរ ដូចពាក្យស្លោកចែងថា អក្សរសាស្ត្រ គឺជាតំណាងនៃព្រលឹងជាតិ។

លោកបញ្ជាក់ថា «គេមិនអាចនៅប្រទេសខ្លួនឯង យកភាសាគេជាគោលទេ។ បំផ្លាញពូជសាសន៍ បំផ្លាញភាសា បំផ្លាញអនាគត បំផ្លាញកូនខ្មែរ បំផ្លាញប្រទេសខ្មែរ ដែលធ្វើឲ្យខ្មែរយើងគ្មានគ្រឹះ គ្មានវប្បធម៌ គ្មានភាសា គ្មានអរិយធម៌ គ្មានអនាគត»

លោកអះអាងថា ប្រទេសណាក៏ដូចប្រទេសណាដែរ បើចង់បង្ហាញការស្នេហាជាតិ បើចង់ឲ្យខ្មែរមានការលូតលាស់ ស្រឡាញ់សាសនាខ្លួនឯង ប្រទេសខ្លួនឯង និងជាតិខ្លួនឯង ត្រូវតែឲ្យកូនខ្មែរ រៀនភាសាខ្លួនឯងជាមុនសិន។ លោកថ្លែងថា លោកមិនមែនហាមមិនឲ្យកូនខ្មែររៀនភាសាគេទេ ក៏ប៉ុន្តែការរៀនបញ្ច្រាសទិសបែបនេះ ហាក់បីដូចជាសកម្មភាព មើលងាយភាសាខ្មែរខ្លួនឯងអញ្ចឹង ហើយថ្ងៃក្រោយកូនខ្មែរ នឹងអាចនិយាយបានថា ភាសាអង់គ្លេសក៏ចេះមិនច្បាស់ ភាសាខ្មែរក៏ចេះមិនច្បាស់ផងដែរ។

លោកឧកញ៉ា គួច ម៉េងលី បានបន្ថែមថា «ខ្ញុំសូមអំពាវនាវជាថ្មីថា មិនមែនមិនឲ្យរៀនភាសាគេទេ ក៏ប៉ុន្តែរៀនភាសាខ្មែរមុន ជាគ្រឹះព្រោះវាសំខាន់ចំពោះជាតិយើង ប្រទេសយើង លើកលែងតែអ្នកឯងមិនចង់នៅស្រុកខ្មែរ មិនស្រឡាញ់ស្រុកខ្មែរ មិនមែនគិតថាខ្មែរជាប្រទេខ្លួនឯង អញ្ចឹងអញ្ជើញរៀនភាសាអីក៏បានដែរបាទ។ ប៉ុន្តែនៅប្រទេសគេ បើលោកមិនរៀនភាសាហ្នឹង នៅប្រទេសហ្នឹង គឺលោកមិនមែនជាជនជាតិហ្នឹងទេ»៕

Advertising