(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់ សមាជិកឧទ្ទាមចំនួន២នាក់ទៀត រួមទាំងបក្ខពួករបស់គេ ពីបទ «រួមគំនិតក្បត់» ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ រៀបចំដោយទណ្ឌិត សម រង្ស៉ី។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែល Fresh News ទទួលបាន។

សមាជិកក្រុមឧទ្ទាម២នាក់នេះ រួមមានឈ្មោះ ផុន សុភា ភេទប្រុស អាយុ ៣១ឆ្នាំ, ឈ្មោះ ភ្លឺ ប៊ុនស៊ុន ភេទប្រុស អាយុ៣២ឆ្នាំ និងគូកន ដែលត្រូវតុលាការចោទពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអង្គហេតុ «រួមគំនិតក្បត់» ដែលជនទាំងពីរ និងគូកន បានទៅជួបទណ្ឌិត សម រង្សី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទទួលផែនការអូសទាញចលនាប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់វិញរបស់ទណ្ឌិត សម រង្ស៉ី » នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាស។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់បន្តថា លុះពេលត្រលប់មកដល់ប្រទេសកម្ពុជាវិញ ជនទាំងពីររូបនេះ និងគូកនមួយចំនួនទៀត បានចាប់ផ្តើមសកម្មភាពអនុវត្តតាមផែនការខាងលើ ដោយបានចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសបុក (Facebook) ដែលមានខ្លឹមសារវាយប្រហាររាជរដ្ឋាភិបាល បំផុសបំផុល ញុះញង់ ឃោសនា ប្រមូលផ្តុំប្រជាពលរដ្ឋដើម្បីចាំទទួលការវិលត្រល់របស់ទណ្ឌិត សម រង្ស៉ី និងបង្កើតចលាចល បង្កភាពអសន្តិសុខសង្គម ញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងជរដ្ឋាភិបាលស្របច្បាប់។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬ ចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទ
ប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចជាប់ទោសពី ០៥ឆ្នាំ ទៅ ១០ឆ្នាំតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមប្បញ្ញត្តិពិសេសមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល៖

Advertising