(សូហ្វីយ៉ា, ប៊ុលហ្ការី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់ប្រធានាធិបតីប៊ុលហ្ការី លោក រ៉ូមែន រ៉ាដេវ ដែលជាប្រទេសសមាជិក​សហភាពអឹរ៉ុបដែរនោះថា ចង់ឃើញសហភាពអឺរ៉ុបផ្តល់នូវយុត្តិធម៌សម្រាប់កម្ពុជាពាក់ព័ន្ធ​នឹងការចង់លុបប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជានៅទីផ្សារអឺរ៉ុប។

ការបង្ហាញបំណងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីប៊ុលហ្ការី នៅទីសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មិនមានការដើរថយក្រោយនោះឡើយ។ សម្តេចតេជោ បានលើកបង្ហាញទៀតថា ការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅ បានដំណើរការយ៉ាងល្អប្រសើរ ដោយមានគណបក្សរហូតដល់ទៅ២០បានចូលរួម ហើយមានអ្នក​ទៅបោះឆ្នោតរហូតដល់ជាង ៨៣ភាគរយ។

ជាការឆ្លើយតបទៅលើបញ្ហានេះ លោកប្រធានាធិបតីប៊ុលហ្ការី បានអះអាងថា ប៊ុលហ្ការី ផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីប៊ុលហ្ការី បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទទៀត។ ជាពិសេសការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយប្រើយន្តការទ្វេភាគី អាស៊ាន-អឺរ៉ុប ឬអាស៊ី-អឺរ៉ុប។

ក្នុងជំនួបនេះលោកប្រធានាធិបតី រ៉ូមែន រ៉ាដេវ បានវាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការស្វែងរកសន្តិភាព និងសន្តិសុខនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ជាពិសេសការទប់ស្កាត់នូវការប៉ុនប៉ងត្រឡប់មកវិញនៃរបបខ្មែរក្រហម។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៅចំពោះមុខប្រធានាធិបតីប៊ុលហ្ការី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលបានគាំទ្រ និងជួយកម្ពុជាក្នុងគ្រាដ៏លំបាកបំផុតនាទសវត្សរ៍ឆ្នាំ១៩៨០។

នៅក្នុងជំនួបថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យចៅស្រីច្បងដែលកំពុងសិក្សានៅអឺរ៉ុប ចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប៊ុលហ្ការី និងបានជម្រាបពីការសិក្សារបស់ចៅស្រីផងដែរ៕

Advertising