(ភ្នំពេញ)៖ ឱសថបុរាណចិន គឺជាកំណប់ទ្រព្យរបស់ប្រជាជាតិចិន។ ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ចិន ផ្ដល់ជាជំនួយដល់ប្រជាជនចិននៅក្រៅប្រទេស និងលើកកម្ពស់ការផ្លាស់ប្តូរទំនាក់ទំនង មិត្តភាពរវាងកម្ពុជានិងចិន សហព័ន្ធជនជាតិចិនក្រៅប្រទេសប្រចាំខេត្តហ្វូជាន បានរួមគ្នាជាមួយសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ធ្វើការរៀបចំសកម្មភាពពិគ្រោះជំងឺ ដោយឥតគិតថ្លៃនៅកម្ពុជា ដោយវេជ្ជបណ្ឌិតជំនាញខាងឱសថបុរាណចិន ដ៏ល្បីល្បាញចំនួន៥រូប ដឹកនាំផ្ទាល់ដោយលោក Zhang Yao អនុប្រធានសហព័ន្ធជនជាតិចិន ក្រៅប្រទេស ប្រចាំខេត្តហ្វូជាន។

ការពិគ្រោះជំងឺដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ចាប់ពីពេលព្រឹកម៉ោង៩៖០០-១២៖០០រសៀល និងពេលល្ងាចម៉ោង ១៤៖០០-១៧៖០០។ ទីតាំង៖ សាលធំនៃសណ្ឋាគារ តាមីនអ៊ូអ៊ី ស្ថិត ផ្លូវ ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សកម្មភាពនេះ ក៏បង្ហាញនូវការយកចិត្តទុកដាក់ ចំពោះជនជាតិចិន (កូនចៅចិន) រស់នៅកម្ពុជា ផ្សព្វផ្សាយពីវិធីព្យាបាល និងថែទាំតាមរយៈឱសថបុរាណចិន ដែលជួយឲ្យសុខភាពកាន់តែល្អ និងលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព។

ការពិនិត្យជំងឺនោះ គឺស្វាគមន៍ប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញមកទទួលការពិគ្រោះជំងឺ។

ប្រវត្តិរូបសង្ខេបរបស់វេជ្ជបណ្ឌិតចំនួន ៥រូប៖

១៖ លោកស្រី Wu Mingxia កម្រិតសិក្សាថ្នាក់វេជ្ជបណ្ឌិត ជាប្រធានវេជ្ជបណ្ឌិត សាស្ត្រាចារ្យ និងសាស្ត្រាចារ្យណែនាំក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត។
លោកស្រីមានមុខងារជាប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា ប្រធានផ្នែកចាក់ម្ជុលវិទ្យាសាស្រ្ដ និងប្រធានផ្នែកស្តារនីតិសម្បទានៃមន្ទីរពេទ្យប្រជាជនទី២ ក្នុងសម្ព័ន្ធរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្របុរាណចិនហ្វូជាន ព្រមទាំងជាប្រធានគ្រប់គ្រងការិយាល័យមរតកផ្នែកចាក់ម្ជុលវិទ្យាសាស្រ្ដរបស់លោក Wu Binghuang (Wu Mingxia) ខេត្តហ្វូជាន។

ស្ទាត់ជំនាញក្នុងការពិនិត្យ និងព្យាបាលជំងឺដោយចាក់ម្ជុលវិទ្យាសាស្ត្រ ផ្នែករលាកសន្លាក់ឆ្អឹងជង្គង់ ជំងឺផ្នែកក ចង្កេះការ ឆ្អឹងខ្នង ជំងឺរលាកសន្លាក់ស្មា ខ្វិនសាច់ដុំផ្ទៃមុខ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺរើម និងរោគ ដែលនៅសេសសល់ពីជំងឺឈឺចាប់ ផ្នែកសរសៃប្រសាទ ជំងឺក្រពះ ជំងឺក្អករ៉ាំរ៉ៃ ជំងឺប្រតិកម្មច្រមុះ រដូវមិនទៀងទាត់ និងជំងឺទូទៅផ្សេងទៀត។

២៖ លោក Chen Jie ជាប្រធានវេជ្ជបណ្ឌិត សាស្ត្រាចារ្យ និងសាស្ត្រាចារ្យណែនាំក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទថ្នាក់អនុបណ្ឌិត។ លោកមានមុខងារជាប្រធានផ្នែកស្តារនីតិសម្បទា និងជាប្រធាននាយកដ្ឋានពិគ្រោះជំងឺ នៃមន្ទីរពេទ្យខេត្តហ្វូជាន ព្រមទាំងជាប្រធានក្រុមសិក្សាស្រាវជ្រាវ ផ្នែកវេជ្ជសាស្ត្រនីតិសម្បទា នៃវិទ្យាស្ថានជំងឺទូទៅថ្នាក់ខេត្ត នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តហ្វូជាន។

លោកបានចូលបម្រើការងារ ព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រ និងស្តារនីតិសម្បទាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ លោកស្ទាត់ជំនាញក្នុងការសិក្សាស្រាវជ្រាវ ពិនិត្យនិងព្យាបាល ដោយការចាក់ម្ជុលវិទ្យាសាស្ត្រ ចំពោះរោគសេះសល់ពីការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមិនអាចបង្កកំណើតរបស់បុរស ការឈឺចាប់ និងខ្វិនផ្ទៃមុខ។

៣៖ លោក Zheng Guanyi កម្រិតសិក្សាថ្នាក់វេជ្ជបណ្ឌិត មានមុខងារជាប្រធានវេជ្ជបណ្ឌិត សាស្រ្តាចារ្យ និងសាស្រ្តាចារ្យណែនាំក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទថ្នាក់អនុបណ្ឌិត។ ព្រមទាំងជាប្រធានផ្នែកវេជ្ជសាស្ត្រចិន នៃមន្ទីរពេទ្យសៀហ៊ឺ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តហ្វូជាន និងប្រធានការយាល័យស្រាវជ្រាវ វេជ្ជសាស្ត្រចិននៃមហាវិទ្យាល័យវេជ្ជសាស្ត្រទូទៅសៀហ៊ឺ។

លោកបំពេញការងារស្រាវជ្រាវ ក្នុងការព្យាបាលផ្សំគ្នារវាងឱសថបុរាណចិននិងអឺរ៉ុប និងការព្យាបាល ដោយឱសថសាស្ត្របុរាណចិន ចំពោះជំងឺសរសៃឈាមបេះដូងនិងខួរក្បាល ដែលមានឯកទេសខាងជំងឺសរសៃឈាមបេះដូងនិងខួរក្បាល ដុំមហារីកកាចសាហាវ និងការកាត់បន្ថយជាតិពុល បង្កើនប្រសិទ្ធភាព និងភាពស៊ាំ បន្ទាប់ពីការព្យាបាលដោយគីមី។

៤៖ លោក Chen Jinxiong ជាប្រធានវេជ្ជបណ្ឌិត និងជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រចិន នៃមន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យ វេជ្ជសាស្ត្រខេត្តហ្វូជាន។

លោកបំពេញការងារព្យាបាល ស្រាវជ្រាវវិទ្យាសាស្ត្រ និងបង្រៀនអំពីវេជ្ជសាស្ត្រចិនអស់រយៈពេលជិត ៣០ឆ្នាំ ដោយភាពហ្មត់ចត់ និងស្ទាត់ជំនាញខាងវេជ្ជសាស្រ្ត។ ពូកែក្នុងការរួមផ្សំទ្រឹស្តីវេជ្ជសាស្ត្រចិន ជាមួយវេជ្ជសាស្ត្រទំនើប រួមបញ្ចូលការច្នៃប្រឌិត និងការបង្កើតថ្មី។ ជំនាញក្នុងការពិនិត្យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺប្រព័ន្ធប្រសាទ ជំងឺទឹកនោមផ្អែម ជំងឺសរសៃប្រសាទការ គេងមិនលក់ ឈឺក្បាល និងជំងឺខួរឆ្អឹងខ្នងជាដើម។

៥៖ លោកស្រី Lin Lili ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនខេត្តហ្វូជាន សាស្រ្តាចារ្យណែនាំក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទអនុបណ្ឌិត និងជាបញ្ញាវន្តធ្វើទស្សនកិច្ចសិក្សានៅសកលវិទ្យាល័យ រដ្ឋផ្លរីដាខាងត្បូង។ លោកស្រីផ្តោតលើការព្យាបាលជំងឺទូទៅ ដូចជាជំងឺផ្លូវដង្ហើម (រលាកច្រមុះ ក្អក រលាកទងសួត) ជំងឺប្រព័ន្ធរំលាយអាហារ (ដំបៅក្រពះ រលាកពោះវៀន) និងជំងឺគេងមិនលក់ជាដើម៕

Advertising