(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.) ដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា បានទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី (Grand Phnom Penh International City) យកមកគ្រប់គ្រង។ ការផ្ទេរសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ប្រគល់ជូនក្រុមហ៊ុន ជីប ម៉ុងលែន បានចាប់ផ្តើមពីថ្ងៃចុះហត្ថលេខាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះតទៅ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី បានឱ្យដឹងថា គណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី មានកិត្តិយសសូមជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅឋាន ដែលជាអតិថិជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឱ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ហើយយើងខ្ញុំបានរៀបចំផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ទៅឱ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ»។

ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី ធ្លាប់មានបទពិសោធន៍ច្រើន និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានជាច្រើនទីតាំងរួចមកហើយ ក្នុងរាជធានីភ្នំពេញ ដែលមានអតិថិជនជាច្រើនបានកោតសរសើរ និងទទួលស្គាល់ថា គុណភាពសំណង់ល្អ និងការរចនាបថតាមស្តង់ដារស់នៅប្រកបដោយផាសុកភាព ហើយបច្ចុប្បន្ននេះ បានក្លាយទៅជាទំនុកចិត្តខ្ពស់របស់អតិថិជនក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។

សូមជំរាបថា​ ហ្គ្រេនភ្នំពេញអន្តរជាតិ អភិវឌ្ឍលើផ្ទៃដីទំហំ២៦០ហិកតា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហ្គ្រេនភ្នំពេញអន្តរជាតិស៊ីធី គឺគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍យ៉ាងល្អប្រណិតផងដែរ៕

Advertising