(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុនលក់រថយន្តហ្វត ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធីជប់លៀងទទួលស្វាគមន៍ អតីតសិស្សសាលាបាក់ទូក ជំនាន់ឆ្នាំ១៩៨០មួយក្រុម ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលបំផុត ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អគ្គនាយកក្រុមហ៊ុនលក់រថយន្តហ្វតប្រចាំប្រទេសកម្ពុជា។

នេះក៏ជាលើកទី២ហើយ ដែលលោកអគ្គនាយក ក្រុមហ៊ុនលក់រថយន្តហ្វតប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីជប់លៀង ទទួលស្វាគមន៍អតីតសិស្ស សាលាបាក់ទូកមួយក្រុមនេះ ទោះបីលោកពុំមែនជាមិត្តរួមជំនាន់សាលាបាក់ទូកក៏ដោយ ព្រោះតែលោកកោតសរសើរចំពោះ សាមគ្គីភាព និងសិល្បៈនៃការចែករំលែកជួយគ្នា ក្នុងគ្រាលំបាករបស់អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុមនេះ។

ក្នុងកម្មវិធីនោះ គេក៏បានឃើញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអ្នកផ្តួចផ្តើមប្រមូលផ្តុំ អតីតមិត្តរួមជំនាន់សាលាបាក់ទូក និងអតីតលោកគ្រូអ្នកគ្រូ មកចងក្រងជាក្រុមក្នុងប្រព័ន្ធ WhatsApp មានវត្តមានដឹកនាំ ក្រុមចូលរួមក្នុងកម្មវិធីដ៏អធឹកអធមនេះផងដែរ។

លោកអគ្គនាយកក្រុមហ៊ុនរថយន្តហ្វត ប្រចាំប្រទេសកម្ពុជា បានសន្យាថា នឹងអញ្ជើញក្រុមមិត្តរួមជំនាន់សាលាបាក់ទូក ដែលផ្តួចផ្តើមបង្កើតឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើកម្មវិធីជួបជុំជប់លៀង ជាបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀត ដើម្បីភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែស្និតស្នាល ល្អប្រសើរបន្តទៅមុខទៀត៕

Advertising