(កណ្តាល)៖ អាជ្ញាធរស្រុកលើកដែក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្តាល គ្រោងសាងសង់ខឿនជាបេតុងប្រវែងជិត ៥០ម៉ែត្រ ដើម្បីទប់ស្កាត់ការបាក់ស្រុតដី ចំណុចគល់ស្ពាន និងតាមបណ្តោយមាត់ច្រាំងប្រឡាយព្រែកតូច ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខណៈលំនៅដ្ឋានប្រជាពលរដ្ឋ រងការគំរាមកំហែងពីគ្រោះធម្មជាតិ។

យ៉ាងហោចណាស់ មានផ្ទះប្រជាពលរដ្ឋប្រមាណជាង ១០គ្រួសារ ដែលកំពុងប្រឈមនឹងការរលំបាក់ស្រុតចូល ទៅក្នុងចំណីមាត់ប្រឡាយទឹក ក្នុងនោះមាន ៣គ្រួសាររងការគំរាមកំហែងខ្លាំងជាងគេ ដោយអាជ្ញាធរតម្រូវឲ្យរុះរើចេញជាបណ្តោះអាសន្នសិន ហើយរកទីសុវត្ថិភាពជំនួស។

ឆ្លើយតបនឹងអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល, លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានគូសបញ្ជាក់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះថា លោកជំរុញដល់ប្រជាពលរដ្ឋរស់នៅចំណុចស្ពានទី៥ ក្នុងភូមិព្រែកតូច ចាំបាច់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីផលប៉ះពាល់គ្រោះធម្មជាតិការបាក់ស្រុតដីចំណីមានព្រែកនេះ។ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរស្រុក តម្រូវឱ្យម្ចាស់ផ្ទះចំនួន ៣គ្រួសាររុះរើជាបន្ទាន់ ចៀសវាងជួបគ្រោះថ្នាក់ណាមួយ ជាយថាហេតុទៅពេលខាងមុខ។

បើតាមលោកអភិបាលស្រុកលើកដែក, ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ ធ្វើឡើងនៅ ២ទៅ ៣ថ្ងៃខាងមុខទៀត តាមរយៈចាត់កម្លាំងជំនាញក្នុងមូលដ្ឋានចុះជួយរុះរើ ក្នុងគោលបំណងកាត់បន្ថយ ការចំណាយថវិកា និងពេលវេលា។

ចំពោះម្ចាស់ផ្ទះដែលត្រូវរើ គឺពួកគាត់អាចទៅស្នាក់នៅជាមួយបងប្អូន ជាបណ្តោះអាសន្នមួយរយៈធំសិន គ្រាដែលទឹកស្រកអស់ និងមន្ទីរសាធារណការ អនុវត្តគម្រោងស្ថាបនាឃឿន បេតុងនៅគល់ស្ពាន និងចំណីមាត់ព្រែកប្រវែង៤០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្ពស់ ១១ម៉ែត្របញ្ចប់រួចរាល់ ទើបអនុញ្ញាតឲ្យពួកគាត់សង់ផ្ទះជាថ្មីឡើងវិញ។ ប៉ុន្តែការសង់ផ្ទះជាថ្មីរបស់ពលរដ្ឋ មិនឲ្យធ្វើខ្ពស់ដូចមុនឡើយ ត្រូវធ្វើជាផ្ទះតៀមផ្ទាល់ដី ខ្លាចមានការបាក់ស្រុតប្រកាសណាមួយ ព្រោះអាស្រ័យផលរស់នៅពលរដ្ឋ ស្ថិតនៅលើដីចំណីមាត់ព្រែក ត្បិតរស់នៅជាង២០ឆ្នាំក៏ដោយ។

ចំណែកលោក ខ្មៅ រ៉ន មេឃុំព្រែកដាច់ បានលើកឡើងថា នៅព្រឹកមិញនេះ មានពលរដ្ឋឈ្មោះ ហុក ជា ដែលផ្ទះប្រឈមបាក់ស្រុតខ្លាំងជាងគេចូលទៅចំណីព្រែក បានហៅកូនចៅរបស់គាត់រុះ រើផ្ទះចេញ ដោយខ្លួនឯងហើយ ស្របពេលរស់នៅបច្ចុប្បន្នបារម្ភពីសុវត្ថិភាព អំឡុងទឹកស្រកហូរចូលទន្លេធ្វើអោយដាក់ដីជាបន្តបន្ទាប់។

លោកមេឃុំព្រែកដាច់ បន្ថែមថា ប្រជាពលរដ្ឋរស់នៅចំណុចស្ពានទី៥ ភូមិព្រែកតូច ក៏ទទួលស្គាល់ពីការសង់ផ្ទះលើចំណីមាត់ព្រែកធម្មជាតិ និងឯកភាពរុះរើសំណើ របស់អាជ្ញាធរស្រុកផងដែរ។ លោក និងប្រជាពលរដ្ឋ ក៏គាំទ្រចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានចុះមកក្រើនរម្លឹកឲ្យប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ធម្មជាតិ និងបន្តឲ្យពួកគាត់មានសង់ផ្ទះរស់នៅឡើងវិញ នៅពេលធ្វើខឿននច្រាំងព្រែករួចរាល់។

គួរបញ្ជាក់ថា ការបាក់ស្រុតចំណីដីមាត់ទន្លេ ព្រែក និងប្រឡាយនៅក្នុងភូមិសាស្រ្តស្រុកលើកដែក ពុំមែនទើបតែកើតមានឡើងនៅឆ្នាំនេះទេ ពោលគឺបានកើតមានជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យលំនៅដ្ឋានពលរដ្ឋ និងផ្លូវថ្នល់មួយចំនួន ជួបការខូចខាតជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណា មិនមានពលរដ្ឋណាមួយស្លាប់ ដោយសារគ្រោះថ្នាក់ធម្មជាតិនេះទេ៕

Advertising