(ស្ទឹងត្រែង)៖ ថ្លែងចេញពីខេត្តស្ទឹងត្រែង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ច្បាស់ទៅកាន់កងកម្លាំងប្រដាប់អាវុធថា ទណ្ឌិត សម រង្ស៉ី កំពុងតែមានគំនិតប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថមើលងាយ ព្រះមហាក្សត្រ។

ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ឲ្យកងកម្លាំងប្រដាប់អាវុធទាំងមូល មានទាំងទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ដូច្នេះត្រូវតែអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៉ី បើសិនហ៊ានឈានជើងចូលទឹកដីកម្ពុជា។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានក្រើនរំលឹក និងណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ពិសេសត្រូវចូលរួមតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការហូបអំបុកសាមគ្គីជាតិ។

គួរជម្រាបថា ការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសអញ្ជើញតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអាវរងារ ដែលជាអំណោយរបស់សម្ដេចទាំងពីរ ដល់កងកម្លាំងប្រដាប់អាវុធ ចំនួន១៣អង្គភាព នៅទិសយោធភូមិភាគទី១។

អគ្គមេបញ្ជាការកងទ័ពរូបនេះ បានអះអាងថា អំណោយនេះមិនមែនចែកជូនតែឥឡូវនេះទេ គឺចែកជូនជារៀងរាល់ឆ្នាំ សម្តេចតែងតែយកចិត្តទុកដាក់ នាពេលរដូវភ្លៀង លោកតែងតែយកអាវភ្លៀងមកជូន នៅពេលរដូវរងារលោកតែងតែយកអាវរងារមកជូន ហើយការប្រើប្រាស់ មិនត្រឹមតែនៅដៃទាហានប៉ុណ្ណោះទេ គឺទៅដល់ដៃប្រពន្ធ និងកូនទៅទៀត៕

Advertising