(សូហ្វីយ៉ា, ប៊ុលហ្ការី)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទី៣ នៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ នាទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ 

វត្តមាន នៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងស្និទ្ធស្នាលបំផុតពីសំណាក់ថ្នាក់ដឹកនាំ នៃតំបន់ភ្នំធម្មជាតិ Kopitoto។

សូហ្វីយ៉ា ជាទីក្រុងរបស់សាធារណរដ្ឋប៊ុលហ្ការី មានប្រជាជនរស់នៅជាង ១លាន ២សែន ៧ម៉ឺននាក់ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ ហើយក៏ជាទីក្រុងចំណាស់ជាងគេទី២ នៅតំបន់អឺរ៉ុប។ ទីក្រុងនេះស្ថិតនៅលើជើងភ្នំវីតូសា (Vitosha) នៅភាគខាងលិច នៃប្រទេសប៊ុលហ្ការី។

ដោយស្ថិតនៅចំណុចកណ្តាលនៃតំបន់បាល់កង់ សូហ្វីយ៉ា ក៏ស្ថិតនៅចន្លោះសមុទ្រខ្មៅ និងសមុទ្រ Adriatic និងស្ថិតនៅជិតសមុទ្រ Aegean ជាងគេ។ ទីក្រុងសូហ្វីយ៉ា គឺ ជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល និងវប្បធម៌ របស់ប្រទេសប៊ុលហ្ការី។ ទីក្រុងនេះ ត្រូវបានហ៊ុមព័ន្ធទៅដោយភ្នំ មានទឹកធ្លាក់ កម្តៅក្តៅចំនួន៤៩កន្លែង និងមានទំនប់ទឹក និងបឹងសិប្បនិម្មិតពាសពេញទីក្រុង។

ភ្នំវីតូសា ជានិម្មិតរូប និងជាភ្នំខ្ពស់ជាងគេនៅទីក្រុងសូហ្វីយ៉ា។ ភ្នំនេះត្រូវបានគេចាត់ចូលជាឧទ្យានជាតិកាលពីឆ្នាំ១៩៣៤ ហើយវាត្រូវបានគេថែរក្សាចាប់តាំងបីពេលនោះមក។ សូហ្វីយ៉ាជាទីក្រុង ដែលមានការបំពុលខ្យល់ច្រើនជាងគេ នៅក្នុងសហភាពអឺរ៉ុប ដោយសារទីតាំងរបស់ទីក្រុងនេះ ស្ថិតនៅតាមជ្រលងភ្នំ ហើយភ្នំដែលនៅជុំវិញទីក្រុងអសមត្ថភាពក្នុងការសម្អាតខ្យល់កខ្វក់។

សូហ្វីយ៉ា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសប៊ុលហ្ការី និងបានទាក់ទាញអ្នកជំនួញអន្តរជាតិ ក្នុងវិស័យមួយចំនួនដូចជា សេវាហិរញ្ញ វត្ថុ អេឡិចត្រូនិក ព័ត៌មានវិទ្យា និងទូរគមនាគមន៍។ បើទោះបីទីក្រុងនេះ មានចំនួនប្រជាជនសរុប១៦% នៃប្រជាជនសរុបរបស់ប្រទេសប៊ុលហ្ការីក៏ដោយ សូហ្វីយ៉ាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍប្រទេស ដែលវាបានចូលរួមចំណែក ៣៤% នៃផលិតផលក្នុងស្រុកសរុប (GDP)។

សូហ្វីយ៉ា បានក្លាយជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ដោយ៦៥% នៃភ្ញៀវទេសចរ មកពីបរទេស ភាគច្រើនមកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ ក្រិក និងអង់គ្លេស។ ចំនួនកើនឡើងនៃភ្ញៀវទេសចរ ត្រូវបានគេរំពឹងថា នឹងនាំមកនូវចំណុចវិជ្ជមានដល់វិស័យទេសចរណ៍ រួមមានទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍការផ្តល់សេវាកម្មនានា។

សូមបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនៅក្នុងប្រទេសប៊ុលហ្ការី។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងហោះចាកចេញពីទីក្រុងសូហ្វីយ៉ានៅរសៀលថ្ងៃនេះ ហើយតាមការគ្រោងទុកសម្តេចនឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែតុលា ស្អែកនេះ ដោយនាំមកជាមួយលទ្ធផលដ៏ត្រជះត្រចង់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សូមរំលឹកដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្ការី ត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ដោយសារសង្គ្រាម និងរបបប្រល័យពូសាសន៍។

នៅឆ្នាំ១៩៧៩ កម្ពុជា និងប៊ុលហ្ការី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទស្ថានទូតរបស់ខ្លួន នៅសូហ្វីយ៉ា ដោយកង្វះថវិកា។

បច្ចុប្បន្នលោក ប៉ូល សេងគី ត្រូវបានតែងតាំងជាភារៈធារី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ដោយឡែកលោកស្រី Marinela Milcheva Petkova ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ សាធារណរដ្ឋប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥៩នាក់ ដើម្បីសិក្សានៅប្រទេសប៊ុលហ្ការី៕

Advertising