(ភ្នំពេញ)៖ នៅមិនដល់មួយខែទៀតទេ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ៖ "ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩" នឹងត្រូវបានរៀបចំឡើងជាទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

ជាងនេះទៅទៀត ព្រឹត្តិការណ៍ពិព័រណ៍នឹងនាំមកនូវសិក្ខាសាលាផលិតភាពជាតិក្រោមប្រធានបទ៖ “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ដែលនឹងចែករំលែកបទពិសោធន៍ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗស្របពេលនឹងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ។

ចំពោះអ្នកដែលចូលរួមក្នុងពិព័រណ៍នេះ ទទួលបាន នូវអត្ថប្រយោជន៍រួមមាន៖

*ជួបស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ 150

*ដាក់ពាក្យសម្ភាសផ្ទាល់រកការងារគ្រប់ប្រភេទជាង 20,000 កន្លែង

*ជ្រើសរើសបុគ្គលិកផ្ទាល់ពីចំណោមអ្នកស្វែងរកការងារជាង 30,000 នាក់

*ទទួលការណែនាំអាជីព បទពិសោធន៍ និងជំនាញទីផ្សារការងារកំពុងត្រូវការ

*ទទួលបានគំនិត ជំនាញ ចំណេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ។

ដូច្នេះដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនាអោយបានច្រើនកុះករ និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ៖017 871 807, 096 2155 162 គេហទំព័រ www.nea.gov.kh ឬទំព័រ Facebook របស់ NEA neakhmer៕

Advertising