(កំពង់ចាម)៖ ក្រោយទទួលបានបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចចុងព្រែករកាកោងអ្នកតាជ្រុំ (អតីតឡូតិ៍លេខ៩) ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន អាជ្ញាធរមូលដ្ឋាន និងជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ជាលទ្ធផលបង្រ្កាបបានរួមមាន លូស្បៃមុង ចំនួន២៣មាត់, របាំងលូស្បៃមុង ប្រវែង១,១៥០ម៉ែត្រ, បង្គោលចម្រឹងឫស្សី ចំនួន៤៦០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំនួន៦៩គីឡូក្រាម។ ដោយឡែក ចំពោះវត្ថុតាងខាងលើ ដោយមានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចកាប់បំផ្លាញវត្ថុតាងចោល និងដុតនៅនឹងកន្លែងតែម្តង៕

Advertising