(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញ លោក កែវ សូថា និងលោក មាស វីរីយ៉ា តំណាងក្រុមហ៊ុន ING Holdings Co., Ltd បានចុះពិនិត្យការបើកលំហរមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលតភ្ជាប់មកផ្លូវ២៧១ ស្ថាបនាដោយ ក្រុមហ៊ុន ING Holdings នៅចំណុចតភ្ជាប់នឹងផ្លូវ២៧១ ក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រុមហ៊ុន នឹងស្ថាបនាបើកលំហរមហាវិថីនេះឲ្យបានធំទូលាយនៅចុងខែតុលា ឆ្នាំ២០១៩ ហើយនឹងធ្វើការអ៊ុតកៅស៊ូតភ្ជាប់ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩។

សូមគូសបញ្ជាក់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន ING Holdings បានខិតខំធ្វើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងស្ថបនាមហាវិថីខាងលើ ដោយឈរលើគោលការណ៍ដោះស្រាយស្របតាមគោលនយោបាយ ឈ្នះឈ្នះ! របស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រជាពលរដ្ឋបានទទួលសំណងដោះស្រាយផលប៉ះពាល់ ប្រកបដោយភាពរីករាយ ប្តូរពីផ្ទះស្លឹក ផ្ទះខ្ទមតូចៗសង់លើទឹក មកជាផ្ទះថ្មសាងសង់ថ្មី និងស្តង់ដារ និងជាលក្ខណៈការអភិវឌ្ឍន៍នៅនឹងកន្លែង ដោយដោះស្រាយជាលំនៅឋានដែលមានទីតាំងនៅជិតទីតាំងផលប៉ះពាល់។

ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយ នៃផលប៉ះពាល់ពីក្រុមហ៊ុន បានសម្ដែងនូវសេចក្តីសោមនរីករាយក្នុងចិត្តដោយសារតែការដោះស្រាយនោះ ពួកគាត់អាចទទួលយកបាន ហើយបាននៅក្បែរៗទីតាំងដើម ដែលអាចប្រកបរបរអាជីវកម្មរកស៊ីដូចធម្មតា ជាមួយនឹងការកសាងផ្ទះថ្មថ្មីសន្លាងឲ្យនៅក្បែរ និងដីរបស់ពួកគាត់ស្នាក់នៅ។

លើសពីនេះ មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អ ក្នុងការកាត់បន្ថយការចំណាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

Advertising