(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល១សប្តាហ៍ នៅប្រទេស៣ ក្នុងដែនដីអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក ចូកូ វីដូដូ (Joko Widodo) ជា ប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើនៅទីក្រុងហ្សាការតា។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។

តាមការអះអាងរបស់ក្រសួងការបរទេស, អញ្ជើញអមដំណើរសម្តេចតេជោ ចូលរួមពិធីស្បថចូលកាន់តំណែងខាងលើនេះ រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបដោយឡែកជាមួយ លោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន។

សូមបញ្ជាក់ថា លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៖

Advertising