(ភ្នំពេញ)៖ វិទ្យាស្ថាន CamEd Business School គឺជាវិទ្យាស្ថានមួយនៅក្នុងប្រទេសកម្ពុជាមានភាពល្បីល្បាញលើការបណ្តុះបណ្តាលជំនាញបច្ចេកគណនេយ្យ និងវិជ្ជាជីវៈគណនេយ្យករ។ វិទ្យាស្ថាននេះ ក៏ត្រូវបានអះអាងដែរថា គឺជាវិទ្យាស្ថានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់គុណភាពអប់រំ អ្នកបច្ចេកទេសគណនេយ្យ (CAT) និងវិជ្ជាជីវៈគណនេយ្យករ ដោយមានការទទួលស្គាល់ពីសមាគមគណនេយ្យករជំនាញ (ACCA) ពីចក្រភពអង់គ្លេស។

CamEd Business School បានបើកបង្រៀនអ្នកបច្ចេកទេសគណនេយ្យ និងវិជ្ជាជីវៈគណនេយ្យករ តាំងពីឆ្នាំ២០០៣មកម្ល៉េះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍអ្នកជំនាញផ្នែកគណនេយ្យនៅក្នុងប្រទេសកម្ពុជា។

លោក ខេស៊ី បាណេត នាយកគ្រប់គ្រង CamEd បានឱ្យដឹងទៀតថា ការអប់រំបច្ចេកទេសគណនេយ្យ និងវិជ្ជាជីវៈគណនេយ្យករនេះ គឺសម្រាប់មន្ត្រីរាជការ និងអ្នកកំពុងបម្រើការងារនៅតាមស្ថាប័ននានា ដែលមានបរិញ្ញាបត្រ ជាពិសេសបិរញ្ញាបត្រផ្នែកគណនេយ្យ សេដ្ឋកិច្ច ពាណិជ្ជសាស្ត្រ។ សាលាក៏មានការអប់រំសម្រាប់ថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈគណនេយ្យករ និងបច្ចេកទេសគណនេយ្យនេះផងដែរ បន្ទាប់ពីសិស្សប្រលងជាប់គណិតវិទ្យា និងភាសាអង់គ្លេស។

សម្រាប់ការសិក្សាវិជ្ជាជីវៈគណនេយ្យករ និងបច្ចេកទេសគណនេយ្យនេះ មានគ្រូជំនាញៗ មានសញ្ញាបត្រត្រឹមត្រូវ សម្រាប់កម្មវិធីជំនាញគណនេយ្យនេះ។ ជាពិសេសសាស្ត្រាចារ្យមកពីចក្រភពអង់គ្លេស ពីអាមេរិក មកពីសិង្ហបុរី។

ដើម្បីធានាទទួលបានអ្នកមានជំនាញវិជ្ជាជីវៈគណនេយ្យករច្បាស់លាស់នោះ នៅពេលបញ្ចប់ការសិក្សានិស្សិតទាំងអស់ តម្រូវឱ្យប្រលងចេញដោយមានការរៀបចំដោយសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ហើយចូលរួមតាមដានដំណើរការប្រលងថែមទៀតផង។

លោក ខេស៊ី បាណេត បានអះអាងថា បើមិនអាចបំពេញតាមតម្រូវការនៃការប្រលងបានទេ និស្សិតមិនអាចទទួលបានសញ្ញាបត្រកម្រិត CAT ឬ សញ្ញាបត្រមានការទទួលស្គាល់ពីសមាគម ACCA នៅចក្រភពអង់គ្លេសនោះឡើយ។

បច្ចុប្បន្នមានវិទ្យាស្ថានមួយផ្សេងទៀតក្រៅពី CamEd បានចេញមកអះអាងថា ខ្លួនកំពុងបណ្តុះបណ្តាល និងបង្រៀនជំនាញគណនេយ្យ កម្រិត CAT និង ACCA នេះផងដែរ។ ការប្រកាសនេះនាំឱ្យមានការព្រួយបារម្ភពីស្ថាប័នពាក់ព័ន្ធខ្លាចនិស្សិតត្រូវចាញ់បោកវិទ្យាស្ថានមួយនេះ ហើយពេលរៀនចប់មិនអាចទទួលបានសញ្ញាបត្រជំនាញគណនេយ្យកម្រិត CAT និងទទួលស្គាល់ពីសមាគម ACCA ដូចការអះអាងរបស់វិទ្យាស្ថាន។

លោក ប៊ូ ថារិន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ ក៏បានចេញមកបញ្ជាក់ផងដែរថា ការបង្រៀនកម្រិតអ្នកជំនាញគណនេយ្យនេះ មានតែសាលា CamEd មួយគត់មានការទទួលស្គាល់ការបង្រៀនកម្រិតជំនាញនេះពីចក្រភពអង់គ្លេស។ បន្ថែមពីលើនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចយកសាលា CamEd នេះ ជាកន្លែងបណ្តុះបណ្តាលលើកម្រិតជំនាញគណនេយ្យនេះផងដែរ។

លោក ប៊ូ ថារិន បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ មានតែសាលា CamEd តែមួយគត់ដែលទទួលបានការទទួលស្គាល់ពី ACCA ចក្រភពអង់គ្លេស។ ជាសក្ខីកម្មនោះគឺនៅពេលក្រសួងសេដ្ឋកិច្ចទទួលបាននូវជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ដល់និស្សិត ឬក៏ជាមន្ត្រីរាជការមានបំណងបន្តការសិក្សា CAT ដែលយើងហៅថាអ្នកជំនាញបច្ចេកទេសគណនេយ្យ និងកម្មវិធីសិក្សា ACCA នោះ គឺក្រសួងសេដ្ឋកិច្ចសម្រេចយក CamEd ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលមានការទទួលស្គាល់តែមួយគត់ពី ACCA ចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រកម្ពុជា»

លោក ប៊ូ ថារិន បន្តថា «ជារួមមានតែសាលា Camed តែមួយគត់ CamEd Business School ជាគ្រឹះស្ថានឧត្តមសិក្សា ដែលទទួលបាននូវការទទួលស្គាល់ពីចក្រភពអង់គ្លេស។ ក្នុងនោះដែរសូម្បីមន្ត្រីរាជការរបស់យើង ជាបុគ្គលិកក្រុមហ៊ុន ដែលកំពុងបម្រើការងារ ឬក៏បុគ្គលិក NGOs នៅពេលគាត់ចង់សិក្សាកម្មវិធី ACCA ឬ CAT គឺគាត់រើសយកតែសាលា CamEd តែមួយគត់»

លោក នូ រតនា ប្រធានសមាគមគណនេយ្យករជំនាញ ACCA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នសមាគមមិនមានទទួលស្គាល់ការអប់រំវិជ្ជាជីវៈគណនេយ្យករណាផ្សេង ក្រៅពីសាលា CamEd នោះទេ។ លោកបានអះអាងផងដែរថា ប្រសិនបើមិននិស្សិតណាម្នាក់មានការចាញ់បោកវិទ្យាស្ថានដែលបានប្រកាសផ្តល់ការអប់រំដោយមានការទទួលស្គាល់ពីសមាគម ACCA នោះ គឺសមាគមនឹងមានវិធានការទៅតាមច្បាប់។

លោក ប៊ូ ថារិន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ បានលើកឡើងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈគណនេយ្យករ គឺមានសារៈសំខាន់ណាស់ ព្រោះថាការប្រកបវិជ្ជាជីវៈជាគណនេយ្យករ ឬសវនកម្ម គឺទាមទារឱ្យគណនេយ្យករ ឬសវនករនោះ បានទទួលការបណ្តុះបណ្តាលពីស្ថាប័ន ឬគ្រឹះស្ថានអប់រំ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដូចជាសញ្ញាបត្រ ដែលមានការទទួលស្គាល់ពីសមាគម ACCA។

លោក ប៊ូ ថារិន បានផ្តល់ដំបូន្មានដល់និស្សិត ឬអ្នកដែលចង់ប្រកបវិជ្ជាជីវៈជាគណនេយ្យករ ឬសវនកម្ម ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចូលសិក្សានៅវិទ្យាស្ថាន ឬសាលាណាមួយនោះ ចៀសវាងការខាតបង់ទាំងថវិកា និងពេលវេលា ហើយទទួលមិនបានជំនាញមួយច្បាស់លាស់៕

លោក ខេស៊ី បាណេត នាយកគ្រប់គ្រង CamEd និងលោក នូ រតនា ប្រធានសមាគមគណនេយ្យករជំនាញ ACCA ប្រចាំប្រទេសកម្ពុជា

លោក ប៊ូ ថារិន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ

Advertising