(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានបើកប្រតិបត្តិការបង្រ្កាបករណីលួច និងចែកចាយ ប្រើប្រាស់សារធាតុញៀនមួយករណី និងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦ នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែតុលា ម្សិលមិញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ទៀតថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានទាំង១៦នាក់នោះរួមមាន ទី១៖ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិវៀតណាម, ទី២៖ឈ្មោះ ញាន សូត្រ អាយុ៣៦ឆ្នាំ, ទី៣៖ឈ្មោះ ឌុក ចិត្រា អាយុ៣១ឆ្នាំ, ទី៤៖ឈ្មោះ សាំ សៅ (ហៅអាត្រេន) អាយុ១៣ឆ្នាំ, ទី៥៖ឈ្មោះ រិត វាសនា (ហៅស្នា) អាយុ៣០ឆ្នាំ, ទី៦៖ឈ្មោះ ខាន់ បូរ៉ា (ហៅរ៉ា) អាយុ៣៤ឆ្នាំ, ទី៧៖ឈ្មោះ អ៉ី ម៉ាប់ (ហៅអាម៉ាប់) អាយុ៣០ឆ្នាំ, ទី៨៖ឈ្មោះ សុក សំបូរ (ហៅអាជាង) អាយុ៣២ឆ្នាំ, ទី៩៖ឈ្មោះ កែវ សាយ (ហៅអាមៃឃើ) អាយុ៣៦ឆ្នាំ, ទី១០៖ឈ្មោះ សុវណ្ណ ពេជ្រ (ហៅអាវណ្ណ) អាយុ៣៦ឆ្នាំ, ទី១១៖ឈ្មោះ ផុល គឹមសាន្ត (ហៅអាសាន) អាយុ១៦ឆ្នាំ, ទី១២៖ឈ្មោះ ចាន់ ស្រីភណ្ឌ (ហៅស្រីទ្រីត) អាយុ២២ឆ្នាំ, ទី១៣៖ឈ្មោះ អ៊ួន ជាតា (ហៅអាតា) អាយុ៣៤ឆ្នាំ, ទី១៤៖ឈ្មោះ អេង ប៉ៃណៃ (ហៅអាណៃ) អាយុ១៦ឆ្នាំ, ទី១៥៖ឈ្មោះ កែវ ស្រីយ៉ា (ហៅយ៉ា) អាយុ៤១ឆ្នាំ និងទី១៦៖ឈ្មោះ ស សី (ហៅអាសី) អាយុ៣៥ឆ្នាំ។

លោកមេបញ្ជាការបានបន្ថែមថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងជំនាញរបស់លោកដកហូតបាន ម្សៅសថ្លាចំនួន១កញ្ចប់, ម៉ូតូចំនួន១១គ្រឿង, រ៉ឺម៉ក់កង់បី ចំនួន០២គ្រឿង, ដាវសាំម៉ូរៃ ចំនួន០៤ដើម, ដែកជន្ទាសឡាន ចំនួន០២ដើម, ដង្កាប់កាត់ដែក ចំនួន០១, ញរញួរចំនួន០១, បំណែកគ្រឿងម៉ូតូមួយចំនួន, សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន, សម្ភារសម្រាប់សោរដោះម៉ូតូមួយចំនួន, ទូរស័ព្ទចំនួន០៤គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះចំនួន២១, សោរម៉ូតូចំនួន០៤ និងស្លាកលេខម៉ូតូចំនួន០១។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន១៦នាក់ រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងអាវុធហត្ថខេត្ត យកទៅរក្សាទុក និងឃាត់ខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕

Advertising